រដ្ឋបាល​ខេត្តសៀមរាប ជូនដំណឹង​ស្តីពី​ស្ថានភាព​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​

​ខេត្តសៀមរាប​៖ ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​នូវ​ឥទ្ធិពល នៃ​សម្ពាធ​ទាប​(ITCZ) ទន្ទឹមនឹងនោះ សម្ពាធ​ទាប​សកម្ម​(Active Low) នៅ​ចុង​នៃ​សម្ពាធ​ទាប នឹង​វិ​វត្ត​ប្រែប្រួល​ជា​បន្តបន្ទាប់ ដូចជា​ព្យុះ​ទី​១៥ ឈ្មោះ លីន​ហ្វា (LINFA) ព្យុះ​ទី​១៦ ឈ្មោះ ណា​ង​កា (NANGKA) និង​ព្យុះ​ទី​១៧ ឈ្មោះ សូ​ដែល (SOUDEL) បាន​នឹង​កំពុងមាន​ឥទ្ធិពល​មកលើ តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​ប៉ះពាល់​ដល់​ប្រទេស​វៀតណាម និង​ឡាវ ជាហេតុ​ធ្វើឱ្យ មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​មធ្យម និង​បង្ហូរ​នៅតាម​តំបន់​មួយចំនួន​ផងដែរ​។​

​រដ្ឋបាល​ខេត្តសៀមរាប សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន មេត្តា​បង្កើន​ការយកចិត្ត​ទុក ដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតឡើង​ជាយថាហេតុ ព្រមទាំង​ចូលរួម​សហការ និង​ផ្តល់ព័ត៌មាន​ជូន​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត ដើម្បី​ជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​។ កត្តា​នេះ អាច​បង្ករ​ទឹក​ជន់​រហ័ស នឹង​អាច​ប៉ះពាល់​ដល់ផ្ទះ​សម្បែង ស្រែ​ស្រូវ និង​ទ្រព្យសម្បត្តិ​សាធារណ នៅក្នុង​តំបន់​មួយចំនួន នៃ​ខេត្តសៀមរាប​។​

​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក៏ដូចជា​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត សូម​ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល និង​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​រដ្ឋបាល​ក្រុង​ស្រុក​ឃុំ សង្កាត់ ក្នុងការ​ត្រៀម​នៅ​ទីទួល​សុវត្ថិភាព និង​ត្រៀម​បង្ការ​ជួយសង្គ្រោះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។

​ជាមួយគ្នានេះ បងប្អូន​ប្រជាពលរដ្ឋ សូម​បង្កើន​ការប្រុងប្រយ័ត្ន និង​ត្រៀម​បង្ការ ក្នុងករណី​ទឹក​នៅ​បន្ត​កើនឡើង ព្រមទាំង​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​ក្មេងៗ លេង​ទឹក ដែល​អាច​បង្ករ​ឲ្យ​លង់ទឹក​ជាយថាហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close