ថយ​រថយន្ត​អត់​ប្រយ័ត្ន កិន​ស្លាប់​២​នាក់​ម្តាយកូន ខណៈ​ជិះ​ម៉ូតូឌុប​គ្នា

​ខេត្តពោធិ៍សាត់​៖ យ៉ាងហោចណាស់​២​នាក់ ម្តាយកូន ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​នោះ ត្រូវ​រថយន្ត​ធំ​ថយក្រោយ​កិន​ស្លាប់​ភ្លាមៗ កាលពី​ល្ងាច ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ​លើផ្លូវ​ក្រាល​ក្រួស​ក្រហម ក្នុងភូមិ​បួរ​ស្រ​ង៉ែ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​

​បើតាម​សម្តី​ម្ចាស់​រថយន្ត​បង្ក ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​(​ស​) ពាក់​ផ្លាកលេខ​ពោធិ៍សាត់​3A -1373 បាន​បញ្ជាក់ថា អ្នកស៊ីឈ្នួល​បើកបរ​រថ​យន្ត​របស់ខ្លួន​ឈ្មោះ ធឿន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​កំបុត ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​បើកបរ​ក្នុង​ទិស​ពី​ជើង​ទៅ​ត្បូង លុះ​ពេលមកដល់​ចំណុចកើតហេតុ បាន​ឈប់​រថយន្ដ​ហើយក៏​បើក​ថយក្រោយ​ទៅបុក​អ្នក​កំពុង​ជិះ​ម៉ូតូ​ពីក្រោយ ក្នុង​ដំណើរ​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​កិន​ស្លាប់ ២​នាក់​ម្តាយកូន នៅនឹងកន្លែង​តែម្តង​។​

​ជនរងគ្រោះ​ទាំង​២​នាក់ ឈ្មោះ ឌឺ សុខ​ឡឹ​ក អាយុ​៣២​ឆ្នាំ (​ជា​ម្ដាយ​) រស់នៅ​ភូមិ​ស្ទឹង​កំបុត ឃុំ​ត្រពាំង​ជង ស្រុក​បាកាន (​ស្លាប់ ) និង​កូន​ឈ្មោះ មួង ចាន់​រ៉ា ភេទ​ប្រុស អាយុ​១០​ឆ្នាំ (​ស្លាប់​)​។ រីឯ​អ្នកបើកបរ​រថយន្ត​បង្ក បាន​រត់​គេចខ្លួនបាត់​។​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ និង​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close