ឯកឧត្តម ហ៊ុន ម៉ានី នាំយកស្បៀងជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីជួយសង្គ្រោះជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅទំនប់ចាន់ថ្នាល ដែលស្ថិតនៅក្នុងឃុំក្រាំងចេក ស្រុកឧដុង្គ អមដំណើរដោយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធទាំងបី និង សសយកខេត្ត។
នាក្នុងឱកាសសំណេះសំណាលនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសម្ដែងនូវការសោកស្ដាយចំពោះប្រជាពលរដ្ឋនៅផ្នែកខាងក្រោមដែលទទួលរងផលប៉ះពាល់តិចតួចដោយសារជំនន់ទឹកភ្លៀងបានវាយបំផ្លាញដំណាំស្រូវ និងដំណាំរួមផ្សំមួយចំនួន ។ ឯកឧត្តម ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់នេះត្រូវតែបង្កើនការការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរលើទំនប់បង្ហៀរទឹកនេះ ជាពិសេសមនុស្សចាស់ជរា និងក្មេងៗ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវប្រចាំការជួយសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ និងសង្គ្រោះ ២៤ម៉ោងលើ ២៤ម៉ោងក្នុងករណីមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ ។
បន្ទាប់ពីចុះពិនិត្យស្ថានភាពទំនប់ទឹកចាន់ថ្នាលរួចមកឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ក៏បានបន្តដំណើរចុះពិនិត្យស្ថានភាពកម្ពស់ទឹកនៅតាមដងស្ទឹងព្រែកត្នោត និងចូលរួមពិភាក្សាការងារអំពីបញ្ហាប្រព័ន្ធធារាសាស្ត្រជាមួយនឹងរដ្ឋបាលខេត្ត និងស្ដាប់ពីបទបង្ហាញរបស់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ដើម្បីរកវិធីសាស្ត្រកាត់បន្ថយបញ្ហាប្រឈមមួយនេះ ឲ្យស្ថិតនៅក្នុងកម្រិតទាបបំផុត។
ជាមួយគ្នានេះដែរឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ក៏បាននាំយកនូវទឹកសុទ្ធ ៨០០ កេស-ទឹកក្រូច ១០០ កេស -មី ៣០០កេស -ត្រីខ ៣០០ យូរ -ថ្នាំពេទ្យ (multi vitamin 10 កេស និង Para ចំនួន 10 កេស) -សាប៊ូ ២០០ កេស ប្រគល់ជូនរដ្ឋបាលខេត្តដើម្បីធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋ នារដូវរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅតាមក្រុង ស្រុកនានារបស់ខេត្តកំពង់ស្ពឺផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។