កិច្ចព្រមព្រៀង​ឈប់​បាញ់ ក្រោម​ការដឹកនាំ​របស់​រុស្ស៊ី តែ​ប្រទេស អា​មេ​នី និង អា​ហ្សែ​បៃ​ហ្ស​ង់ នៅតែ​ផ្ទុះអាវុធ​ដាក់គ្នា​

ទោះ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​រវាង អា​មេ​នី​និង អា​ហ្សែ​បៃ​ហ្ស​ង់ ក្រោម​ការដឹកនាំ​របស់​ប្រទេស​រុស្ស៊ី ប៉ុន្តែ ភាគី​ទាំងពីរ នៅតែ​បន្ត វាយប្រហារ​គ្នា​ដដែល ។ តាម​សារព័ត៌មាន Reuters នៅ​ថ្ងៃទី​១៤​ខែតុលា​បាន​ផ្សាយ​ថា ប្រទេស​រុស្ស៊ី នៅ​ថ្ងៃ​១៤​ខែមេសា​បាន​អំពាវនាវ​ជាថ្មី​ដល់​ប្រទេស​អា​មេ​នី និង​អា​ហ្សែ​បៃ​ហ្ស​ង់ ឱ្យ​បញ្ឈប់​ការប្រយុទ្ធ​គ្នា នៅក្នុង​តំបន់​(Nagorno-Karabakh) ជាបន្ទាន់ បន្ទាប់ពី​ភាគី​ជម្លោះ​ទាំងពីរ បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ពី​ការរំលោភ​បទ​ឈប់​បាញ់ ដែល​ចាប់ផ្ដើម​អនុវត្ត​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។

​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក ស៊ឺ​ហ្គៃ សយ​ហ្គូ (Sergei Shoigu) បាន​អំពាវនាវ​តាមរយៈ​ទូរស័ព្ទដៃ ទៅកាន់​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អា​ហ្សែ​បៃ​ហ្ស​ង់ និង​អា​មេ​នី ដោយ ជំ​រុញឱ្យ​ប្រទេស​ទាំងពីរ «​បំពេញ​នូវ​ការប្តេជ្ញាចិត្ត​» ដែល​បាន​ធ្វើឡើង​ក្រោម​បទ​ឈប់​បាញ់​រួមគ្នា ដើម្បី​មនុស្សធម៌​នៅក្នុង​តំបន់ Nagorno-Karabakh ដែល​ផ្ដើម​អនុវត្ត​ឡើង កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ក្រោយពី​មានការ​ចរចារ​គ្នា រយៈពេល​ខ្លី​ក្នុង​ទីក្រុង​ម៉ូស្គូ​។​

​ភាគី​ជម្លោះ​ទាំងពីរ បាន​បដិសេធ​រៀងៗ​ខ្លួន នូវ​ការចោទប្រកាន់​ពី​ការរំលោភ​បទ​ឈប់​បាញ់ ខណៈ​ប្រធានាធិបតី​អា​ហ្សែ​បៃ​ហ្ស​ង់​លោក អ៊ី​ល​ហាម អា​លី​យ៉េ​វ (Ilham Aliyev) បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀតថា កងទ័ព​អា​ហ្សែ​បៃ​ហ្ស​ង់ កំពុងតែបន្ត​ប្រតិបត្តិការ​យោធា ក្នុង​តំបន់ Nagorno-Karabakh​។ ក្រសួងការពារជាតិ ប្រចាំ​តំបន់ Nagorno-Karabakh បាន​ចោទប្រកាន់​កងទ័ព​អា​ហ្សែ​បៃ​ហ្ស​ង់​ថា បាន​បើក​ការវាយប្រហារ​ដោយ​ប្រើ​កាំភ្លើង​ធំ និង​រ៉ុក្កែត​លើ​តំបន់​ជាច្រើន ហើយ​ក្រុម​ម​ន្រី្ត​ការពារជាតិ នៅក្នុង​តំបន់​នេះ ថែមទាំង​អះអាងថា​ដែរ​ថា កងកម្លាំង​របស់​ពួកគេ​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​អា​ហ្សែ​បៃ​ហ្ស​ង់ Su-25 មួយគ្រឿង​ផងដែរ​។​

​ប៉ុន្តែ ភាគី​អា​ហ្សែ​បៃ​ហ្ស​ង់​បាន​បដិសេធ ចំពោះ​ការអះអាង​នេះ ហើយ​បាន​ចោទប្រកាន់​កងកម្លាំង​អា​មេ​នី ទៅវិញ​ដែរ​ថា បាន​បើក​ការវាយប្រហារ​ជាថ្មី​ទៅលើ​ទីតាំង​កងកម្លាំង របស់​ពួកគេ នៅតាម​ខ្សែបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ និង​នៅតាម​តំបន់ Terter, Aghdam និង Aghjabedi នៃ​ប្រទេស​អា​ហ្សែ​បៃ​ហ្ស​ង់​។ ការិយាល័យ​រដ្ឋអាជ្ញា អា​ហ្សែ​បៃ​ហ្ស​ង់ បាន​រាយការណ៍​ពី​ការស្លាប់​ថ្មី​របស់​ជន​ស៊ីវិល​ម្នាក់ និង​រងរបួស​ជាច្រើន​នាក់ រួមទាំង​អ្នកកាសែត​របស់​ពួកគេ​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close