ចាប់ខ្លួនជនបរទេស៤នាក់ ដកហូតគ្រឿងញៀនជិត ៣តោន មានតម្លៃ១០លានដុល្លារ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជូនជនសង្ស័យចំនួន៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធគ្រឿងញៀនទម្ងន់ ២ ១០៦គីឡូក្រាម ២១៥,៨៩ក្រាម និងសារធាតុគីមីផ្សំ ៦០០គីឡូក្រាម។
គួរំលឹកថា កិច្ចប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូន ជួញដូរឆ្លងដែន និងរក្សាទុកកែច្នៃគ្រឿងញៀនខុសច្បាប់ខាងលើ ធ្វើឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ដែលនាំចេញពីប្រទេសឡាវ ឆ្លងកាត់ប្រទេសកម្ពុជា ទៅប្រទេសចិន (តៃវ៉ាន់) បង្ក្រាបគោលដៅចំនួន ៧ផ្សេងៗគ្នា ជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ៣គោលដៅ និងនៅរាជធានីភ្នំពេញ ៤គោលដៅ។
ជនសង្ស័យទាំង ៤នាក់នោះ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ គឺ១.ឈ្មោះ ចិន ជឺជា (CHEN CHIH CHIEH) ហៅ JACKY កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិតៃវ៉ាន់លេខ 05196333 (អ្នកបញ្ជាការដឹកជញ្ជូន), ២.ឈ្មោះ ចាង ឈិជឺ (Zhan Qi Zhi) កាន់លិខិតឆ្លងដែនលេខ 313641977 (អ្នកដឹកជញ្ជូន), ៣.ឈ្មោះ យ៉ូវ យ៉ាវជុង (YU Yao Tsung) កាន់លិខិតឆ្លងដែនលេខ 352875960 (អ្នកដឹកជញ្ជូន) និង៤.ឈ្មោះ ឈិន ប៉ាវជីន (Chen Pao Jiun) លិខិតឆ្លងដែនគ្មាន (អ្នកដឹកជញ្ជូន)។
ដោយឡែកជនសង្ស័យម្នាក់ទៀត ឈ្មោះ វូ ឈីសុន (WU Chi Hsun) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 303650596 បានកាន់គ្រឿងញៀន លួចសំរូតតាមបង្កាន់ដៃអាគារ ហើយធ្លាក់បណ្ដាលអោយស្លាប់។
ប្រតិបត្តិការខាងលើ សមត្ថកិច្ចចាប់ដកហូតវត្ថុតាង រួមមាន៖ គ្រឿងញៀនទម្ងន់ ២១០៦គ.ក្រ ២១៥,៨៩ក្រាម និងសារធាតុគីមីផ្សំ ៦០០គ.ក្រ ដែលសរុបជាទឹកប្រាក់ មានតម្លៃ១០លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។