លោក ឃួង ស្រេង ចុះជួយប្រជាពលរដ្ឋជាង ៣០០០នាក់ មកកាន់ទីទួលសុវត្ថិភាព
ភ្នំពេញ៖ ពេញមួយយប់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មិនបានទទួលទានដំណេក ខណៈមានភារកិច្ចចំបងចំពោះមុខ ក្នុងការដឹកនាំក្រុមការងារ កម្លាំងប្រដាប់អាវុធ ចុះអន្តរាគមន៍ ប្រជាពលរដ្ឋជាង៣០០០នាក់នៅក្នុងបុរីចំនួន២ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ត្រូវបានជួយសង្គ្រោះ ដឹកមកកាន់ទីទួលសុវត្ថិភាព ក្នុងចន្លោះពីម៉ោង ២ដល់ម៉ោង៤ទាបភ្លឺថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ព្រឹកនេះ ពិសេសក្រុមសង្គ្រោះនឹងបន្តទៅតំបន់ព្រែកកំពិសបន្តទៀត។
ក្នុងប្រតិបត្តិការនេះ លោកអភិបាលរាជធានីបានបញ្ជាក់ហើយ ក្រៅពីសង្កាត់មួយចំនួនរួមមាន៖ សង្កាត់ទៀន សង្កាត់គងនយ សង្កាត់សាក់សំពៅ សង្កាត់ស្ពានថ្ម និងសង្កាក់រលួស និងមួយចំណែកនៃសង្កាត់ព្រែកកំពិស ក្នុងខណ្ឌដង្កោ ប្រជាពលរដ្ឋនៅខណ្ឌផ្សេងសូមកុំឱ្យមានការចលាចល ភ័យខ្លាចអី ចូលដំណេកចុះ ចំពោះរឿងទឹកជំនន់ពីទំនប់សណ្តរស្ទឹងព្រែកត្នោតនេះ។
លោកថ្លែងថា កម្លាំងរបស់ស្នងការរដ្ឋាន រាជធានី , កងរាជអាវុធហត្ថរាជធានី, កម្លាំងបញ្ជាការដ្ឋានកងអង្គរក្ស, អាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ទីតាំងគ្រប់គោលដៅ ជួយប្រជាពលរដ្ឋទាន់ពេល ក្នុងនោះខាងកម្លាំងកងទ័ពជើងទឹកក៏បានផ្តលអូរប័រចំនួន២៤គ្រឿងទាំងយប់។ ក្នុងនោះលោកអភិបាលរាជធានី ថែមទាំងឱ្យលេខទូរស័ព្ទរបស់លោកផ្ទាល់ និងក្រុមការងារ ដល់ប្រជាពលរដ្ឋរងគ្រោះខលមក ដើម្បីឱ្យកម្លាំងចុះទៅដល់ទីតាំងទាំងនោះដើម្បីជួយសង្គ្រោះបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។