កាកបាទក្រហមខេត្តព្រះសីហនុ ឧបត្ថមថវិកា២ម៉ឺនដុល្លារ ដល់ពលរដ្ឋខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ រងគ្រោះដោយជំនន់ទឹកភ្លៀង
ខេត្តព្រះសីហនុ៖ ឯកឧត្ដម គួច ចំរើន ក្នុងនាមជាប្រធានគណៈកម្មាធិការសាខាកាកកបាទក្រហមខេត្តព្រះសីហនុបានអោយដឹងថា ក្នុងគ្រាដែលប្រជាពលរដ្ឋខេត្តបាត់ដំបង និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ សាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានឧបត្ថមថវិកាជូនដល់សាខាកាកបាទ ក្រហមខេត្តបាត់ដំបង ចំនួន $១០,០០០ (ដប់ពាន់ដុល្លារអាមេរិកគត់) និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ពោធិ៍សាត់ ចំនួន $១០,០០០(ដប់ពាន់ដុល្លារអាមេរិកគត់) សម្រាប់ជួយសម្រួលទុក្ខលំបាករបស់បងប្អូនយើងដែលកំពុងរងគ្រោះ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ មានពលរដ្ឋប្រមាណជា ៤ម៉ឺន ៨សែនគ្រួសារ ឬស្មើនឹង ជិត ២០ម៉ឺននាក់បានរងគ្រោះដោយសារជំនន់ទឹក ភ្លៀង ក្នុងនោះក៏មានមនុស្ស ១៣នាក់បានស្លាប់។
បើតាមរបាយការណ៍ដដែល ក្នុងរយៈពេលទឹក ជំនន់ប៉ុន្មានថ្ងៃមកនេះ មានពលរដ្ឋប្រមាណ ៣ពាន់គ្រួសារ ឬប្រមាណជាង ១ម៉ឺននាក់ ត្រូវបានជម្លៀស ខណៈផ្ទះជិត ៥ម៉ឺនខ្នងរងផលប៉ះពាល់ និងសាលារៀន ៤២៥កន្លែងត្រូវទឹកលិច។ ជាមួយគ្នានេះដែរ ស្រូវប្រមាណជាង ១៣ម៉ឺនហិកតាហិកតាត្រូវលិចទឹក និងខូចខាតប្រមាណជាង ៦ពាន់ហិកតា។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០ នេះ មានរាជធានីខេត្តសរុបចំនួន ១៩ហើយបានរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះរួមមាន៖ ខេត្តពោធិ៍សាត់, ប៉ៃលិន, បន្ទាយ មានជ័យ, ភ្នំពេញ, បាត់ ដំបង, ស្វាយរៀង, ឧត្តរមានជ័យ, សៀមរាប, តាកែវ, កំពង់ស្ពឺ, មណ្ឌលគិរី, ព្រះសីហនុ, កោះកុង, ព្រះវិហារ, ស្ទឹង ត្រែង, កំពង់ចាម, កណ្តាល និងកំពង់ធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។