ថៃ អនុវត្ត​ច្បាប់​អាសន្ន​ក្នុង​ក្រុង​បាង​ង​កក បាតុករ​ជាច្រើន​ត្រូវបាន​ចាប់ខ្លួន​

​រដ្ឋាភិបាល​ថៃ​បានអនុម័ត​ច្បាប់​គ្រា​មាន​អាសន្ន​ក្នុង​ទីក្រុង​បាងកក់ ក្រោយ​មាន​មាន​បាតុកម្ម កាន់តែខ្លាំង​ឡើង អាច​បង្ក​ឲ្យ​មាន​អសន្តិសុខ​និង​អំពើហិង្សា​កើនឡើង ។​

​នៅពេលនេះ​ប៉ូលិស​ថៃ​បានឱ្យដឹងថា បាតុករ​យ៉ាងហោច ២០​នាក់ ក្នុងនោះ​រួមមាន​ទាំង​មេដឹកនាំ​បាតុករ 0៣​នាក់​ផងដែរ ត្រូវបាន​ចាប់ខ្លួន​ក្នុង​ទីក្រុង​បាងកក នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​ក្រុមបាតុករ​នៅតែ​ប្រកាន់​ជំហរ​តឹងរ៉ឹង​ថា ពួកគេ​នឹង​បន្តធ្វើ​បាតុកម្ម​តវ៉ា ដើម្បី​ទាមទារ​នូវ​អ្វីដែល​ពួកគេ​ចង់បាន បើទោះជា​ត្រូវ​ប្រឈមមុខ​នឹង​ការចាប់ខ្លួន​ក៏ដោយ​។​

​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​ថៃ​បាន​សម្រេចចិត្ត​ប្រើ​កម្លាំងបាយ ដើម្បី​បំបែកហ្វូង​បាតុករ​រាប់ពាន់នាក់ ចេញពី​បរិវេណ​ខាងក្រៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី នៅ​ព្រឹក​ព្រហាម​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​រដ្ឋាភិបាល​ទីក្រុង​បាងកក បានប្រកាស​ភាពអាសន្ន​។ តាមរយៈ​ការប្រកាស​ភាពអាសន្ន​នេះ ការប្រមូលផ្ដុំ​ចាប់ពី​មនុស្ស ០៥​នាក់​ឡើងទៅ ហើយ​ព័ត៌មាន​ទាំងឡាយណា ដែល​អាច​បង្កឱ្យមាន​កា​រ​ភ័យខ្លាច ឬ​បំផ្លាញ​សន្តិសុខ​ជាតិ​នឹង​ត្រូវបាន​ហាមឃាត់​។​

​តែ​ទោះជា​រដ្ឋាភិបាល​ថៃ​ប្រកាស​ដាក់ចេញ​ភាពអាសន្ន​នេះ​ក៏ដោយ ក៏​ក្រុមបាតុករ​នៅតែ​ប្រកាន់​ជំហរ បន្ត​បាតុកម្ម​ដដែល​។ «​យើង​មិនទាន់​អាច​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ​បាន​នៅឡើយ​ទេ​… ដូច្នេះ​យើង​នឹង​ត្រឡប់មកវិញ ហើយ​យើង​នឹង​នៅតែ​បន្តធ្វើ​ការតស៊ូ បើទោះជា​ត្រូវ​ប្រថុយស្លាប់​ក៏ដោយ​»​។ នេះ​គឺជា​សម្ដី​បាតុករ​ម្នាក់​អាយុ ៥៤​ឆ្នាំ​។​

​គួរ​ជម្រាប​ថា បាតុកម្ម​តវ៉ា​នៅក្នុង​ប្រទេស​ថៃ បានអូសបន្លាយ​ពេល​ជាង ៣​ខែ​មកហើយ ដោយ​ក្រុមបាតុករ​រាប់ពាន់នាក់ បាននាំគ្នា​ធ្វើបាតុកម្ម​ជា​បន្តបន្ទាប់​ក្នុង​ទីក្រុង​បាងកក ដើម្បី​ទាមទារ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ចុះ​ចេញពី​តំណែង និង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ខណៈ​ក្រុមបាតុករ​ខ្លះទៀត​ថែមទាំង​ហ៊ាន ធ្វើការ​ទាមទារ​ឱ្យមាន​ការធ្វើកំណែទម្រង់​របបរាជានិយម​ដែល​ពួកគេ​ចាត់ទុកថា បានផ្ដល់​សិទ្ធិអំណាច​ហួសហេតុ​ដល់​អង្គ​ព្រះមហាក្សត្រ​ទៀតផង​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close