សម្តេច​តេ​ជោ អញ្ជើញ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ កាលពី​រាត្រី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់ និង​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ចុះ​ជួប​ជាមួយនឹង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​ត្រូវបាន​អាជ្ញាធរ​ប​ញ្ជូ​ល​មកកាន់​ទីតាំង​សុ​វត្តិភាព​ចំនួន​២​ទីតាំង ដែល​ទី​តាំងទី​១​នៅក្នុង​បុរី​ភព​ថ្មី​កួរស្រូវ​២ និង​ទី​តាំងទី​២​គឺ​នៅមុខ​ផ្សារ​ព្រែក​ជ្រៃ ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​គ្រប់​រាជធានី​-​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បានចេញ​ប្រតិបត្តិ​ការព្រមៗ​គ្នា សង្គ្រោះ​ប្រជាជន​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ដែល​សម្តេច​បាន​ប្រើពាក្យ​ថា «​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ទាំង​កងទ័ព​ស្រួច ទាំង​កងទ័ព​តំបន់ ក៏ដូចជា​កងរាជអាវុធហត្ថ កងកម្លាំង​នគរបាល​បានធ្វើ​កិច្ចការ​បានល្អ និង​គ្រប់​ទីកន្លែង​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​របស់​យើង​»​។ សម្តេច​ក៏បាន​កោតសរសើ​រ​ផងដែរ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ប្រឹងប្រែង​ដោយ​ខ្លួនឯង រួមទាំង​ការជួយ​របស់​អាជ្ញាធរ ដោយ​រាជរដ្ឋាភិបាល ដោយ​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​សំណូមពរ និង​អំពាវនាវ​៣​ចំណុច ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​យកចិត្តទុកដាក់​ដូចតទៅ​៖

​ទី​១) គឺ​ជម្លៀស​ប្រជាជន​នៅ​តំបន់​ដែលមាន​គ្រោះថ្នាក់​ទៅកាន់​ទីទួល​សុវត្ថិភាព ដោយមាន​ការប្រុងប្រៀប​ជាមុន ត្រូវ​ពិនិត្យមើល​ទីកន្លែង​ជាមុន ដើម្បី​ឆ្លើយតប​នៅពេលដែល​ដឹកជញ្ជូន​ទៅកាន់​ទីនោះ​

​ទី​២) បន្ទាប់ពី​ទឹក​ស្រក សូម​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ប្រជាជន​ទៅកាន់​មូលដ្ឋាន​ដើម​វិញ​

​ទី​៣) ត្រូវ​ផ្គត់​ផ្គង់ស្បៀង​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ក៏ដូចជា​ខិតខំ​ព្យាបាល​ជំងឺ​ប្រសិនបើ​មាន​ជំងឺ​កើតឡើង​។​

​សម្តេច​ក៏​អំពាវនាវ​ចំពោះ​ប្រជាជន​ត្រូវការពារ​នៅ​ជំងឺ​ខ្លួនឯង តាមរយៈ​ការ​អនាម័យ កុំ​ទទួលទាន​ទឹក​មិន​ស្អាត​ដែល​នាំទៅដល់​ជំងឺរាគ​រួស​ក្អួត​នាំមក​នូវ​ការលំបាក​បន្ថែមទៀត​។ សម្ដេច​ស្នើ​ឲ្យ​មាន​គ្រូពេទ្យ​ប្រចាំការ​នៅ​តំបន់ ដែល​ប្រជាពលរដ្ឋ​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​ផងដែរ​។​

​សម្ដេច​បាន​ថ្លែងអំណរគុណ​ដល់ សប្បុរសជន​នានា ដែល​បាន​ចូលរួម​ថវិកា​ក្នុងការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ដែល​រហូតមក​ដល់ពេលនេះ មាន​ប្រមាណ​ជាង ៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ហើយ ដែល​ថវិកា​នេះ​រាជរដ្ឋាភិបាល​មិនបាន​អំពាវនាវ​ទេ ប៉ុន្តែ​សប្បុរសជន​បាន​ស្ម័គ្រចិត្ត​ចូលរួម​ដោយ​ខ្លួនឯង​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​គូស​បញ្ជាក់ទៀតថា ការចុះពិនិត្យ​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​នេះ​ទៀតសោត ក៏​ព្រោះ​ចង់ឃើញ​ស្ថានភាព​ជាក់ស្ដែង មិន​ចង់​ត្រឹម​ស្ដាប់ និង​មើល​របាយការណ៍​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​រាយការណ៍​ជា​បន្ដបន្ទាប់​គ្រប់ពេល​នោះទេ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ទៀតថា បន្ទាប់ពី​ជម្លៀស​ប្រជាជន​មកកាន់​កន្លែង​មាន​សុវត្ថិភាព​ហើយ ត្រូវ​ផ្ដល់នូវ​ការថែទាំ​សុខភាព ផ្ដល់​អាហារ ថ្នាំពេទ្យ​គ្រប់ពេល​ទាំងអស់ មិន​ឲ្យ​ខ្វះខាត​នោះឡើយ​។ នៅ​ក្នុងការ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់​នេះ សម្ដេច​តេ​ជោ​បាន​ផ្ដល់នូវ​ចំណុច​អនុសាសន៍​សំខាន់​ចំនួន​០៣​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​ផងដែរ ៖

​ទី​១) ក្នុងដំណាក់កាល​នៃ​វិបត្តិ​កូ​វីដ​១៩ ត្រូវតែ​រួមគ្នា​ទប់ស្កាត់​បង្ការ​ការ​ចម្លងជំងឺ​កូ​វីដ​១៩

​ទី​២) រួមគ្នា​ទប់ទល់​ដោះស្រាយ​នូវ​គ្រោះទឹកជំនន់​ដែល​កំពុង​កើតមានឡើង​នៅពេល​បច្ចុប្បន្ននេះ​

​ទី​៣) រួមគ្នា​ដោះស្រាយ​ក៏ដូចជា​ស្ដារឡើងវិញ​ក្រោយពេល​កូ​វីដ​ត្រូវ​បានបញ្ចប់ និង​ទឹកជំនន់​ស្រក​ទៅវិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close