ស្ថានភាព​កូ​វីដ​១៩ នៅលើ​ពិភពលោក ថ្ងៃទី​១៦ ខែតុលា​

ការឆ្លង​រាលដាល​កូ​វីដ​១៩ នៅលើ​ពិភពលោក បន្ត​កើនឡើង​ខ្ពស់​ដដែល បង្កក្តី​បារម្ភ​យ៉ាងខ្លាំង​។ ចំណែក​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ មិនទាន់មាន​ប្រើប្រាស់​ជាទូទៅ​នៅឡើយ​ទេ គឺ​ស្ថិតនៅក្នុង​ការសាកល្បង​ដំណាក់កាល​ចុងក្រោយ​នៅឡើយ ។​

​តាម​គេហទំព័រ​Worldometer គិតដល់​ម៉ោង ៩​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែតុលា ឆ្នាំ​២០២០​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ៣៩,១៥០,៧៤៨​នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ១,១០២,៤០៤​នាក់ និង​ជាសះស្បើយ​ឡើងវិញ ២៩,៣៦២,២០០​នាក់​។​

​សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ​។ សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ៨,២១៤,៨០៣​នាក់ ស្លាប់​ចំនួន ២២២,៦៩៨​នាក់ និង​ជាសះស្បើយ​ចំនួន ៥,៣១១,៨៤៩​នាក់​។​

​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ប្រទេស​ឥណ្ឌា​។ ឥណ្ឌា​មាន​អ្នក​ឆ្លង ៧,៣៦៥,៤៣៥​នាក់ ស្លាប់​ចំនួន ១១២,១៤៤​នាក់ និង​ជាសះស្បើយ ៦,៤៤៨,៥៤៥​នាក់​។ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ប្រេ​ស៊ី​ល​។ ប្រេ​ស៊ី​ល មាន​អ្នក​ឆ្លង ៥,១៧០,៩៩៦​នាក់ ស្លាប់ ១៥២,៥១៣​នាក់ និង​ជាសះស្បើយ ៤,៥៩៩,៤៤៦​នាក់​។​

​ជាមួយគ្នានេះ ឥណ្ឌា​កំពុង​ប្រឈម​នឹង​គ្រោះទឹកជំនន់ បង្ក​ឲ្យ​មាន​ក្តីបារម្ភ​យ៉ាងខ្លាំង ពី​ការឆ្លង​រាលដាល​កូ​វីដ​១៩ កាន់តែ​កើនឡើង​ខ្ពស់ ខណៈ​ពលរដ្ឋ​ជាច្រើន​ត្រូវ​ជម្លៀស​ទៅកាន់​តំបន់​សុវត្ថិភាព​រស់នៅក្នុង​ទីតាំង​រួមគ្នា​បណ្តោះអាសន្ន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close