ជំនន់ទឹកភ្លៀង នៅស្រុកបន្ទាយស្រី ប៉ះពាល់ពលរដ្ឋ ១១គ្រួសារ មនុស្ស៥៤នាក់ បានជម្លៀសចេញ
ខេត្តសៀមរាប៖ តាមរបាយការណ៍របស់រដ្ឋបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ដោយមានស្ថានភាពជំនន់ទឹកភ្លៀង ដែលកើតមានឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើឲ្យប៉ះពាល់ដល់ឃុំចំនួន០៤ រួមមាន៖
១. ឃុំឃុនរាម ៖ ស្ថានភាពមានភ្លៀងខ្លាំង ប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន១១គ្រួសារ មានមនុស្សចំនួន៥២នាក់ បានជម្លៀសចេញរួចរាល់ នៅភូមិកំព្រហ្ម និង លិចផ្លូវមួយខ្សែប្រវែង ១.០០០ ម៉ែត្រ ចំណុចផ្លូវម៉ាឡេ , នៅភូមិឈូកសរ ទឹកកំពុងបន្តលិចក្រោមផ្ទះប្រជាពលរដ្ឋចំនួន ០២គ្រួសារ ថែមទៀត។
២. ឃុំរុនតាឯក ៖ ទឹកកំពុងលិចរំលងផ្លូវ ហៃវេយលេខ៦៧ ចាប់ពីផ្លូវកែងភូមិថ្នល់ ដល់ព្រំប្រទល់ ឃុំរំចេក ប្រហែល៥០០ ម៉ែត្រ និង លិចផ្លូវក្រហមភូមិថ្នល់ប្រហែល២០០ ម៉ែត្រខូចទាំងស្រុង , ប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋកម្រិតស្រាលចំនួន ០៧ គ្រួសារ នៅភូមិថ្នល់។
៣. ឃុំរំចេក ៖ ស្ថានភាពមានភ្លៀងខ្លាំង មានទឹកហូរកាត់ផ្លូវហាយវេ ប្រមាណ៥០ម៉ែត្រ និងទឹកលិចចូលក្រោមផ្ទះប្រជាពលរដ្ឋកម្រិតស្រាលចំនួន១៤គ្រួសារ នៅភូមិរវៀងតាខ្ញុំ។
៤. ឃុំខ្នារសណ្តាយ កម្ពស់ទឹកស្ទឹងបន្ទាយស្រី បានហក់ឡើងពីកម្ពស់៣,៣០ម៉ែត្រ ដល់៥,៧០ម៉ែត្រគិតត្រឹមម៉ោង១៧ល្ងាចនេះ ស្ថានភាពនេះស្ថិតនៅកៀកនឹងកម្រិតប្រកាសអាសន្ន ដែលមានកម្ពស់៦ម៉ែត្រ , ប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន៤៩គ្រួសារ និង ធ្វើការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពដោយសុវត្ថិភាពចំនួន ១៨គ្រួសារ។
ជាមួយគ្នា គណៈកម្មាធិការស្រុក បានចុះពិនិត្យ ព្រមទាំងបានណែនាំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើការការពារសុខភាព និងជាពិសេសគឺកូនៗតូចរបស់ពួកគាត់ ចៀសវាងមានហានីភ័យណាមួយកើតមានឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។