ទឹក​ហូរ​ខ្លាំងពេក​! ២​នាក់​បងប្អូន ដើរ​រអិល​ជើង​ដួល ត្រូវ​ទឹក​កួច​ស្លាប់​បងស្រី

​ខេត្តបន្ទាយមានជ័យ​៖ កុមារី​២​នាក់​បងប្អូន បាន​នាំ​ដើរកាត់​ទឹក​កំពុង​ហូរ​យ៉ាងខ្លាំង ហើយ​រអិល​ជើង​ដួល​ធ្លាក់ចូល​ទឹក បណ្តាល​ឲ្យ​ទឹក​គួច​លង់​ស្លាប់​បងស្រី ខណៈ​ប្អូនស្រី​ត្រូវបាន​គេ​ជួយសង្គ្រោះ​ទាន់ពេល​។​ ​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ព្រឹក ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ត្រង់ចំណុច​អូរ​ម្កាក់ ស្ថិត​ភូមិ​កន្ទួត សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។​

​ករណីនេះ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បាន​ដឹកនាំ​កងកម្លាំង​ជំនាញ ចុះ​រាវរក​រហូតដល់​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ទើប​រក​សព​ឃើញ​ក្មេងរងគ្រោះ​។ កុមារី​រងគ្រោះ​ខាងលើ ឈ្មោះ យ៉ៃ ម៉ា​យ៉ា អាយុ​១៣​ឆ្នាំ បាន​លង់ទឹក​ស្លាប់ នៅ​ចំណុច​អូរ​ម្កាក់ ក្នុង​ស្រះ​ទឹក​ជាប់ និង​ហាង​ខ្សាច់មាស ស្ថិតនៅ​ក្នុងភូមិ​កន្ទួត សង្កាត់ ភ្នៀ​ត ក្រុង​សិរីសោភ័ណ​។​

​លោក ថា មុនពេល​កើតហេតុ មាន​ក្មេងស្រី​ទាំង​២​នាក់​បងប្អូន​នេះ បាននាំគ្នា​ដើរ​ពី​ភូមិ​កន្ទួត (​ត្រង់ចំនុច​អូរ​ម្កាក់​) ត្រឡប់​ទៅ​ភូមិ​ខ្លួន​វិញ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​បងស្រី​រអិល​ជើង​ដួល ហើយ​ប្អូនស្រី ក៏​ចាប់ទាញ​ដៃ បណ្តាល​ឲ្យ​រអិល​ធ្លាក់​ទៅក្នុង​ស្រះ​ទាំង​២​នាក់ តែ​សំណាង​ប្អូនស្រី បាន​តោង​មែកឈើ​ជាប់ ត្រូវបាន​អ្នកភូមិ​ជួយសង្គ្រោះ​ទាន់ ចំណែក​បងស្រី ត្រូវ​ទឹក​គួច​ទៅ​បាត់​។​

​សមត្ថកិច្ច បានប្រគល់​សព​ជូន​ក្រុមគ្រួសារ យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ចម​សទ្ធា​វាស ហៅ​វត្ត​ស្វាយ​ចាស់ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close