ងៀតបបែល និង​ពពុះសណ្តែក ១២​គីឡូក្រាម មាន​ផ្ទុក​សារធាតុ​បូរ៉ា​ក់ រកឃើញ​នៅ​ផ្សារ​វាល​យន្ត ខេត្តស្វាយរៀង​

​ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តស្វាយរៀង ដោយមាន​ការសហការ​ពី​មន្ទីរ​ពាណិជ្ជ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ និង​ធ្វើការ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ និង​គ្រឿងឧបភោគ បរិភោគ នៅតាម​បណ្ដា​ស្តង់​ដាក់តាំង​លក់​ក្នុង​ផ្សារ​វាល​យន្ត ទី​រួម​ខេត្តស្វាយរៀង​។​

​ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បានធ្វើ​វិភាគ​បឋម​ទៅលើ​គំរូ​ម្ហូបអាហារ​ចំនួន ២៦​គំរូ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​សុខភាព​ប្រជាពលរដ្ឋ​។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាពមិន​អនុលោម​របស់​ទំនិញ​នៅលើ​សម្បក​វេច​ខ្ចប់ ព្រមទាំង​បាន​ផ្សព្វផ្សាយ អនុក្រឹត្យ​លេខ ១៣៣ ស្តីអំពី​ផលិតផល​ចិញ្ចឹម​ទារក និង កុមារ លើ​សំបក​វិច​ខ្ចប់​ម្សៅ​ទឹកដោះគោ​ផងដែរ​។​

* ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រកឃើញ​ទំនិញ​មួយចំនួន​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ បូរ៉ា​ក់ (Borax) រួមមាន​៖
– ងៀត​បបែល ចំនួន ៧ គីឡូក្រាម​
– ពពុះសណ្តែក ចំនួន ៥ គីឡូក្រាម​។​

​ទន្ទឹមនឹងនោះ​មន្ត្រី​ជំនាញ ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេងទៀត ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close