សម្ដេចតេជោ ចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ ១ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមអមដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ ខណៈនៅថ្ងៃស្អែកទី២២ ខែតុលា ឆ្នាំ២០២០ នឹងបន្តចែកអំណោយដល់ប្រជាពលរដ្ឋ១ម៉ឺនគ្រួសារទៀត។
ក្នុងពិធីចុះជួបសួរសុខទុក្ខ និងចែកអំណោយនាព្រឹកនេះ ពាក់ព័ន្ធនឹងក្រសួងធនធានទឹក និងឧតុនិយម សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ឲ្យក្រសួងសហការជាមួយស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ចាប់អនុវត្តសាងសង់សំណង់ទំនប់ស្ពានតាផាន់(ជាស្ពានចាស់បូរាណ) កាត់ផ្លូវជាតិលេខ៥ ត្រង់ចំនុចភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលមានរង្វះមាត់ទឹកហូរតូច ប្រែក្លាយជាស្ពានធំមានសំណង់ទ្វារទឹកសម្រាប់បើកសម្រួលចរន្តទឹកបន្ថែម ដើម្បីការពារ និងបន្ថយផលប៉ះពាល់ទឹកជន់លិចឲ្យបានជាអតិបរិមាដល់លំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទៃដីដាំដុះរបស់បងប្អូនប្រជាពលរដ្ឋ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។