ទឹកជំនន់ ហូរ​ច្រោះ​ដី​នាំ​មីន​ជាច្រើន​ប្រភេទ​, អាជ្ញាធរ ចេញ​វិធានការ​ទប់ស្កាត់!

​ភ្នំពេញ​៖ អាជ្ញាធរ​មីន​កម្ពុជា បានចេញ​សេចក្តីណែនាំ ស្តីពី​ការពង្រឹង​វិធានការ​ការពារ និង​ទប់ស្កាត់​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុងពេល​និង​ក្រោយពេល​គ្រោះទឹកជំនន់​។​

​អាជ្ញាធរ​មីន​កម្ពុជា គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន បញ្ជាក់ថា យោងតាម​ការសង្កេត​តាមដាន និង​ព្យាករណ៍​អាកាសធាតុ ឌេ​ល​បានបង្ហាញ​ដោយ​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពោធ​ទាប​មកលើ ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ស្ទើរ​ទូទាំងប្រទេស​ស ដែល​ធ្វើ​ឲ្យ​ខេត្ត​មួយចំនួន​កំពុង​រង​ឥទ្ធិពល​ទឹកភ្លៀង​បង្ក​ជា​ទឹកជំនន់ ដូចជា​ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និង​ខេត្ត​ប៉ៃលិន​។​

​ក្នុងពេល​និង​ក្រោយពេល​ទឹកជំនន់ មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​មួយចំនួន ត្រូវបាន​ប្រទះឃើញ ដោយសារ​ការហូរ​ច្រោះ​ដី​រសាត់​មកពី​តំបន់​ដែលមាន​មីន​ប្រឆាំង​មនុស្ស មីន​ប្រឆាំង​រថក្រោះ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាច្រើន​ប្រភេទ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ជាយថាហេតុ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​តំបន់​ដែល​រង​ផលប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

​ដើម្បី​ទប់ស្កាត់បាន​នូវ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុងពេល​និង​ក្រោយពេល​គ្រោះទឹកជំនន់ អាជ្ញាធរ​មីន សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​កំពុង​រស់នៅ​តំបន់​ប្រឈម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​គ្រោះថ្នាក់​ដោយសារ​មីន និង​គ្រាប់​យុ​ទ្ឋ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close