លោក​ត្រាំ បញ្ជាក់ថា បើ​លោក​បៃ​ដិ​ន​ជាប់ឆ្នោត សេដ្ឋកិច្ច​អាមេរិក កាន់តែ​អាក្រក់​

​សេដ្ឋកិច្ច​អាមេរិក​ធ្លាក់ចុះ​យ៉ាងខ្លាំង ដោយសារតែ​កូ​វីដ​១៩ ហើយ​ពេលនេះ​លោក​ត្រាំ បាន​លើកឡើងថា មានតែ​រូបលោក​ប៉ុណ្ណោះ​អាចជួយ​សេដ្ឋកិច្ច​កិច្ច​អាមេរិក​រីកចំរើន​ឡើងវិញ​។ ផ្ទុយទៅវិញ បេក្ខភាព​មកពី​គណបក្ស​ប្រជាធិបតេយ្យ​លោក បៃ​ដិ​ន ជាប់ឆ្នោត​សេដ្ឋកិច្ច​អាមេរិក នឹង​កាន់តែ​អាក្រក់​។​

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា លោក​ចាំបាច់​ត្រូវតែ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​មួយ​អាណត្តិ​ទៀត ដើម្បី​ការ​ងើបឡើង​វិញ​ដោយ​ជោគជ័យ នៃ​សេដ្ឋកិច្ចជាតិ​ពី​វិបត្តិ COVID-19 ហើយ​បើ​លោក ចូ បៃ​ដិ​ន ជា​អ្នកឈ្នះ​វិញ​នោះ សេដ្ឋកិច្ចជាតិ​នឹង​កាន់តែ​ធ្លាក់ចុះ​។​

​លោក ដូ​ណា​ល់ ត្រាំ ធ្វើការ​កត់សម្គាល់​បែបនេះ កំឡុង​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅឯ​អាកាសយានដ្ឋាន​មួយ​ក្នុង​ទីក្រុង អេ​រី (Erie) នៃ​រដ្ឋ​ភែ​ន​ស៊ី​ល​វេ​នៀ (Pennsylvania) នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ (​ពេលវេលា​នៅ​វ៉ាស៊ីនតោន​) ជាមួយ​ការ​អះអាងថា រដ្ឋ​មួយ​នេះ​អាច​នឹង​ជួយ​ឱ្យ​លោក​ទទួលបាន​ជ័យជំនះ នៅក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា​ខាងមុខ​។ ប៉ុន្តែ​លោក ត្រាំ ក៏​មិន​ភ្លេច​ព្រមាន​ដែរ​ថា បើ​លោក បៃ​ដិ​ន​ជា ឈ្នះ​វិញ​នោះ វិស័យ​ថាមពល និង​ការងារ​នៅក្នុង​រដ្ឋ​នេះ​នឹងត្រូវ​បំផ្លាញ​។​

​លោក ត្រាំ បាន​គូសបញ្ជាក់​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ក្នុង​ទីក្រុង Erie យ៉ាង​ដូច្នេះ​ថា «​នេះ​គឺជា​ការបោះឆ្នោត​រវាង​ការធ្វើ​សេដ្ឋកិច្ច​ងើបឡើង​វិញ​ដ៏​អស្ចារ្យ​ដោយ ត្រាំ ដែល​កំពុងដំណើរការ​ក្នុងពេល​បច្ចុប្បន្ន និង​ការធ្វើឱ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ​វិញ​ដោយ បៃ​ដិ​ន (Biden depression)… ដូច្នេះ​ប្រសិនបើ​អ្នក​ទាំងអស់គ្នា​ចង់​បើក​សាលារៀន​, បើក​សេដ្ឋកិច្ច និង​មាន​សុវត្ថិភាព សុខមាលភាព និង​ប្រទេសជាតិ​រុងរឿង សូមអ្នក​បោះឆ្នោតឱ្យ​ខ្ញុំ​ចុះ​»​។​

​គួរ​ជម្រាប​ថា Pennsylvania គឺជា​រដ្ឋ​មួយ​ស្ថិតនៅក្នុង​ចំណោម​រដ្ឋ​ដែល​គេ​ហៅថា «battleground state» ដែល​អាច​កំណត់ថា តើន​រណា​ជា​អ្នកឈ្នះ​រវាង​លោក ត្រាំ និង​លោក បៃ​ដិ​ន នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា​ខាងមុខ​។ បច្ចុប្បន្ន​ទាំង​ការស្ទង់មតិ​ថ្នាក់ជាតិ និង​ការស្ទង់មតិ​ក្នុង​រដ្ឋ battleground state ទាំងនេះ​សុទ្ធតែ​បង្ហាញថា លោក បៃ​ដិ​ន កំពុង​នាំមុខ​លោក ត្រាំ ប៉ុន្តែ​គ្រប់គ្នា​បាន​ទទួលស្គាល់ថា អ្វីៗ​តែងតែ​មិន​ទៀងទាត់ ឬ​ពិបាក​ស្មាន​ណាស់ នៅពេល​ការបោះឆ្នោត​ជាក់ស្តែង​ប្រព្រឹត្តទៅ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close