អ្នកជំនាញ​ ថា ស្រះ ត្រពាំង និង​ទួល​បុរាណ ជា​ផ្នែក​មួយ​ចូលរួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ក្រៅពី​ប្រាសាទ​

ខេត្តសៀមរាប​៖ លោក អ៊ឹម សុខ​រិទ្ធី ប្រធាន​នាយកដ្ឋាន​អភិរក្ស​ក្នុង​ឧទ្យាន​និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ការងារ​អភិរក្ស ស្រះ ត្រពាំង និង​ទួល​បុរាណ ពិតជា​មានគុណ​តម្លៃ​ជាច្រើន ដែល​មិន​ត្រឹមតែ ទុកជា​កេរដំណែល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ប៉ុណ្ណោះ​នោះទេ គឺ​វា​ជា​កន្លែង​ដែល​ស្តុក​ទឹក​ទុក​នៅក្នុង​រដូវវស្សា ការពារ​ការ​ជន់​លិច​ទឹក និង សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ ហើយ​ម្យ៉ាងទៀត​វា​ក៏​ជា​ចំណែក​មួយ ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ ក្រៅពី​ការ​ទស្សនា​នៅតាម​ប្រាសាទ​នានា ដែល​ផ្ដល់​ជា​ចំណេះដឹង លើ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ជំនាន់​ដើម ប្រវត្តិ​នៃ​តំបន់​នីមួយៗ ។​

​លោក អ៊ឹម សុខ​រិទ្ធី មានប្រសាសន៍​បន្ថែមថា អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​ធ្វើ​ការងារ​ថែរក្សា អភិរក្ស ជួសជុល ស្រះ ត្រពាំង និង​ទួល​បុរាណ ដើម្បី​រក្សា​រូបរាង​ដើម ជាពិសេស ការធ្វើ​ឲ្យ​មាន​ភាពស្រស់​បំព្រង ដើម្បី​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ពី​គ្រប់​មជ្ឈដ្ឋាន ដែល​អាច​បង្ហាញ​ពី​តម្លៃ​នៃ​វប្បធម៌​របស់​ប្រទេស​យើង​ផង និង​ផ្ដល់​ផលចំណេញ​ដល់​ប្រជាពលរដ្ឋ​ជុំវិញ​តំបន់​នេះ​ផងដែរ​។​

​លោក អ៊ឹម សុខ​រិទ្ធី បានបញ្ជាក់​ទៀតថា នាពេល​បច្ចុប្បន្ន អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ការសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង មន្ទីរ​ទេសចរណ៍​ខេត្ត ក្នុងការ​កែលម្អ ស្រះ ត្រពាំង និង​ទួល​បុរាណ ឲ្យ​ប្រែក្លាយជា​តំបន់​ទេសចរណ៍​រមណី​យ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close