៩​ខែ ឆ្នាំនេះ សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​ជាង ១៣០០​ករណី ឃាត់ខ្លួន ២២០០​នាក់​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បានរៀបចំ​កិច្ចប្រជុំ​វាយតម្លៃ​សភាពការណ៍ និង​លទ្ធផល​នៃ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ រយៈពេល​៩​ខែ និង​លើក​ទិសដៅ​បន្ត ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឡើងរាយការណ៍ លទ្ធផល​កិច្ចប្រតិបត្តិការ រយៈពេល​០៩​ខែ នៃ​ឆ្នាំ​២០២០​នេះ របស់​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន សរុប​ចំនួន ១.៣៣៣​ករណី កើន​២២​ករណី ស្មើ ១,៦៥% ឃាត់ខ្លួន ២២០០​នាក់ ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប ៤០០,៤៩​គ​.​ក្រ រួម​នឹង​មធ្យោបាយ សម្ភារ​វត្ថុតាង​មួយចំនួនទៀត​។

​ដោយឡែក​រយៈពេល ០២​សប្ដាហ៍​ដើមខែ​តុលា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​បង្ក្រាប​ករ​ណី​ធំៗ បាន​ចំនួន​៥​ករណី ឃាត់ខ្លួន ១៣​នាក់ ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប​ទម្ងន់ ២.១១៣,៣៦​គ​.​ក្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close