ឯកឧត្តម គួច ចំរើន ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងហាវ

​ខេត្ត​ព្រះសីហនុ​៖ នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​មោ​ឃៈ​ភាព​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដោយមាន​ការ ចូលរួម​ពី​អភិបាលរង​ខេត្ត អភិបាលស្រុក ប្រធាន​មន្ទីរ អង្គភាព​មេឃុំ មេភូមិ និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី​នៅ​ស្រុក​ស្ទឹងហាវ ។​

​លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​ស្ទឹងហាវ បានអោយដឹងថា នេះ​ជា​ដំណើរការ​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដើម្បី​ចេញ​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ (​ប័ណ្ណកម្មសិទ្ធិ​) ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី និង​អ្នកកាន់កាប់​ដី​ក្លាយជា​ម្ចាស់​ដី​ពិតប្រាកដ​មាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​ប្រើប្រាស់​អាស្រ័យ​ផល និង​មាន​សិទ្ធិ​ចាត់ចែង​ប័ណ្ណកម្មសិទ្ធិ​នេះ​ជា​ឯកសារ​គតិយុត្ត​សម្រាប់​ជា​សំអាង​នៅពេល​មាន​ជម្លោះដីធ្លី កាត់បន្ថយ​តាមរយៈ​ប័ណ្ណកម្មសិទ្ធិ​នេះ ដែលជា​សំអាង​សំរាប់​ដាក់បញ្ចាំ ឬ​ដាក់​ធានា និង​ដាក់​ហ៊ី​ប៉ូ​តែ​ក ។​

​លោក ចេង ស្រុង ប្រធាន មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បានឱ្យដឹងថា​លទ្ធផល​ដែល​ទទួលបាន​ពី​ការចុះបញ្ជី​ដី​នៅ​ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ក្បាលដី​ដែល​គណៈកម្មការ​រដ្ឋបាល បាន​លើកសំណើរ​ផ្តល់​កម្មសិទ្ធិ​លើដី​ធ្លី​ក្នុង​ការចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (​ប័ណ្ណកម្មសិទ្ធិ​)​សរុប​ចំនួន ៦៩៥​ក្បាលដី នៃ​ចំនួន​ក្បាល ដី​សរុប​ចំនួន​៨៤៣ ក្នុងនោះ ប្រភេទ​ទ្រព្យ រួម​ប្តី​ប្រពន្ធ ៤៩៣​ប័ណ្ណ ទ្រព្យ​លីវ ៥៩​ប័ណ្ណ ទ្រព្យ​ខាង​ប្តី ២៤​ប័ណ្ណ ទ្រព្យ​ខាង​ប្រពន្ធ ៩៤​ប័ណ្ណ ទ្រព្យ​កម្មសិទ្ធិ​អវិភាគ ២៣​ប័ណ្ណ ទ្រព្យ​ក្រុមហ៊ុន​មាន​២​ប័ណ្ណ ។​

​ក្នុងឱកាស​នោះ ឯកឧត្តម គួច ចំរើន អភិ បាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បានធ្វើការ​សំណេះសំណាល​ជា មួយ​ប្រជាពលរដ្ឋ ព្រមទាំង​កោតសរសើរ​ដល់​មន្ត្រី​សុរិយោដី អាជ្ញាធរ​ស្រុក ឃុំ បាន​សហការ​បំពេញការងា​រ​ប្រកបដោយ​ប្រសិទ្ធិភាព ឈានដល់​ការចែក​ប័ណ្ណ​នាពេលនេះ ការទទួលបាន​ប័ណ្ណ មាន​៥​កំ​ណាក់​កាល និង​ធ្វើការ​ជួបជុំគ្នា ៣​ដង ទី​១.​ប្រកាស​តំបន់​វិនិច្ឆ័យ ២.​ប្រកាស​ជា​សា​ធា រណ និង​ទី​៣.​ឈានដល់​ការជួបជុំ​ចែក​ប័ណ្ណ​ជូន​ប្រជា​ពល​ភូមិ​១ ឃុំ​ទំនប់រលក​ចំនួន ៦៩៥ ក្បាលដី​។​

​ឯកឧត្តម ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ប័ណ្ណ​កម្ម សិទ្ធិ​នេះ ត្រូវ​ថែរក្សា​ឱ្យបាន​ល្អ កុំឱ្យ​ខូច រឺ​បាត់បង់ ព្រោះ​វា​មាន​ផលប្រយោជន៍​ក្នុងការ​ប្រើប្រាស់​តាម​ការជាក់ស្តែង ដើម្បី​លើកស្ទួយ​ជីវភាព​របស់​បងប្អូន​កាន់តែ​ប្រសើរឡើង ស្របតាម​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ទំនាស់​ដីធ្លី និង​ធានាបាន​ការកាន់កាប់​ដីធ្លី​ដោយ​ស្របច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close