នាយករដ្ឋមន្ត្រី​ថៃ​មិនទាន់មាន​ប្រតិកម្ម​ចំពោះ​ការ កំណត់ពេល​៣​ថ្ងៃ​ឲ្យ​លោក​លាលែង​ពី​តំណែង​

​មកទល់ពេលនេះ នាយករដ្ឋមន្ត្រី​ថៃ​មិនទាន់មាន​ប្រតិកម្ម​អ្វី​នោះឡើយ​ចំពោះ​ការ ប្រកាស​របស់​ក្រុមបាតុករ​ទុកពេល​ឲ្យ​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ​ចុះ​ចេញពី​ដំណែង​ក្នុងពេល​៣​ថ្ងៃ​។ ប៉ុន្តែ​អ្វីដែល​លោក​ប្រា​យុទ្ធ​បានធ្វើ​នោះ​គឺ​លុប​ច្បាប់​គ្រា​មាន​អាសន្ន ដែល​បាន​អនុវត្ត​មុននេះ ក្នុង​គោលដៅ​ទប់ស្កាត់​ក្រុមបាតុករ​។ ផ្ទុយទៅវិញ​បែ​ជាមាន​បាតុកម្ម​កើតឡើង​ខ្ពស់​។​

​ក្រុមបាតុករ​ថៃ​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែតុលា​ឆ្នាំ​២០២០ បានស្នើ​ដល់​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា ត្រូវតែ​លាលែង​ចេញពី​តំណែង​ក្នុង​រយៈពេល​៣​ថ្ងៃ​។​ កាលពី​យប់​ថ្ងៃទី​២១​ខែតុលា ក្រុមបាតុករ​រាប់ពាន់នាក់​បាននាំគ្នា​ប្រមូលផ្តុំ​នៅមុខ​ស្តូប​ជ័យជម្នះ​នៅ​កណ្តាល​ទីក្រុង​បាងកក ហើយ​នាំ​គ្នាដ​ដ្ហែ​ក្បួន​ចូលទៅ​កាន់​ទីស្តីការគណៈរដ្ឋមន្ត្រី​។ តំណាង​ក្រុមបាតុករ​បានប្រកាសថា នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា ត្រូវតែ​លាលែង​ចេញពី​តំណែង​ក្នុង​រយៈពេល​៣​ថ្ងៃ​ខាងមុខ​ទៀត​។​
​
ឱសានវាទ​របស់​មេដឹកនាំ​ក្រុមបាតុករ​បាន​បញ្ជូនទៅ​កាន់​ទីស្តីការគណៈរដ្ឋមន្ត្រី ។ ក្រុមបាតុករ​បានប្រកាស​ថា ពួកគាត់​បាន​ផ្ញើលិខិត ទៅកាន់​នាយករដ្ឋមន្ត្រី​តាមរយៈ​តំណាង​របស់លោក​។ មេដឹកនាំ​ក្រុមបាតុករ លោក Patsaravalee Tanakitvibulpon បាន​លើកឡើងថា «​សង្គ្រាម​របស់​យើង នឹងមិន​បញ្ចប់​នោះឡើយ បើ​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ មិន​ចុះ​ចេញពី​តំណែង​។ ប្រសិនបើ​រយៈពេល​៣​ថ្ងៃ នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ មិន​ព្រម​លាលែង​ចេញពី​តំណែង​នោះ លោក​នឹងត្រូវ​ប្រឈម​ការ​ក្រោកឈរឡើង​ធើ្វ​មហា​បាតុកម្ម​ពី​ពលរដ្ឋ​»​។​

​ក្រោយ​ការប្រកាស លោក​Patsaravalee Tanakitvibulpon ក៏ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន ដោយ​ចោទប្រកាន់​ពីបទ​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​១៥​ខែតុលា ។ លោក​គឺជា​មេដឹកនាំ​បាតុករ​ម្នាក់​ក្នុងចំណោម​ច្រើន​នាក់​ត្រូវ​ប៉ូលិស​ថៃ​ចាប់ខ្លួន ក្នុង​រយៈពេល​២​សប្តាហ៍​កន្លងមក​។​

​កន្លងមក​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ​ចាន់​អូ​ចា បានប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​ថា នឹង​លុប​ច្បាប់​គ្រា​មាន​អាសន្ន​ក្នុង​ទីក្រុង​បាងកក​នាពេល​ឆាប់ៗ​ដើម្បី​បញ្ចប់​ការខឹង​សម្បា​ពី​ពលរដ្ឋ​។​ ​ក្រុមបាតុករ​បាន​ចោទប្រកាន់​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា ដែល​កាន់អំណាច​តាំងពី​ឆ្នាំ​២០១៤ មកទល់ពេលនេះ ថា​ជា​អ្នកធ្វើ​ឲ្យ​ការបោះឆ្នោត​បាត់បង់​អ​ព្យា​ក្រិ​ឹ​ត ដើម្បី​រក្សា​អំណាច​។ ជាមួយគ្នានេះ​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ​ប្រកាសថា​នឹងមិន​លាលែង​ចេញពី​តំណែង​ឡើយ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close