ឯកឧត្តម គួច ចំរើន ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ពលរដ្ឋ​នៅ​ស្រុក​កំពង់​សិលា

​ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​មោ​ឃៈ​ភាព​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់ កាប់​ប្រើប្រាស់​ដីធ្លី ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ស្ថិតនៅ​ភូមិ​វាល ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះ សីហនុ ដោយមាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត អភិបាលស្រុក ប្រធាន​មន្ទីរ អង្គភាព មេឃុំ មេភូមិ និង​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ក្បាលដី​ផងដែរ​។​

​លោក សៅ បុរី​វឌ្ឍន​: អភិបាលស្រុក​កំពង់សីលា​បានអោយដឹងថា នេះ​ជា​ដំណើរការ​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដើម្បី​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (​ប័ណ្ណកម្មសិទ្ធិ​) ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី និង​អ្នកកាន់កាប់​ដី​ក្លាយជា​ម្ចាស់​កម្ម​សិទ្ធ​ដី​ពិតប្រាកដ មាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​ប្រើប្រាស់​អាស្រ័យ​ផល និង​មាន​សិទ្ធិ​ចាត់ចែង​ប័ណ្ណកម្មសិទ្ធិ​នេះ ជា​ឯកសារ​គតិយុត្ត​សម្រាប់​ជា​សំអាង​នៅពេល​មាន​ជម្លោះដីធ្លី តាមរយៈ​ប័ណ្ណកម្មសិទ្ធិ​នេះ ដែលជា​សំអាង​សំរាប់​ដាក់បញ្ចាំ ឬ​ដាក់​ធានា និង​ដាក់​ហ៊ី​ប៉ូ​តែ​ក​។​

​ជាមួយគ្នានេះ​លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ក៏បាន​អោយដឹងថា លទ្ធផល​ដែល​ទទួលបាន​ពី​ការចុះបញ្ជី​ដីធ្លី​ភូមិ​វាល ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ក្បាលដី​ដែល​គណៈកម្មការ​រដ្ឋបាល​ដីធ្លី បាន​លើកសំណើរ​ផ្តល់​កម្មសិទ្ធិ​លើដី​ធ្លី​ក្នុង​ការចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (​ប័ណ្ណកម្មសិទ្ធិ​) សរុប​មាន​ចំនួន ១,៦៨៤​ក្បាលដី នៃ​ចំនួន​ក្បាលដី​សរុប​ចំនួន ១,៧៤៣​ក្បាលដី ក្នុងនោះ​រួមមាន ប្រភេទ​ទ្រព្យ​រួម​ប្តី​ប្រពន្ធ ១,២១៤​ប័ណ្ណ ទ្រព្យ​ខាង​ប្តី ៥៥​ប័ណ្ណ ទ្រព្យ​ខាង​ប្រពន្ធ ២០៥​ប័ណ្ណ ទ្រព្យ​លីវ ១៨៦​ប័ណ្ណ ទ្រព្យ​កម្មសិទ្ធិ​អវិភាគ ១៣​ប័ណ្ណ ទ្រព្យ​រដ្ឋ ៨​ប័ណ្ណ ទ្រព្យ​ក្រុមហ៊ុន ២​ប័ណ្ណ និង​ទ្រព្យ​សហគមន៍ ១​ប័ណ្ណ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បានធ្វើការ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ព្រមទាំង​ថ្លែង​ការកោតសរសើរ​ដល់​ម​ន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត អាជ្ញាធរ​ស្រុក ឃុំ ដែល​បាន​សហការ​បំពេញ ការងារ​ប្រកបដោយ​ប្រសិទ្ធភាព ឈានដល់​ការចែក​ប័ណ្ណ​នាពេលនេះ ការទទួលបាន​ប័ណ្ណ មាន​៥​កំ​ណាក់​កាល និង​ធ្វើការ​ជួបជុំគ្នា ៣​ដង ទី​១.​ប្រកាស​តំបន់​វិនិច្ឆ័យ ២.​ប្រកាស​ជា​សា​ធា រណ និង​ទី​៣.​ឈានដល់​ការជួបជុំ​ចែក​ប័ណ្ណ​ជូន​ប្រជា​ពល​ភូមិ​វាល ឃុំ​កំពង់សីលា​មាន​ចំនួន ១,៦៨៤​ក្បាលដី​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា ដីធ្លី ធនធានធម្មជាតិ គឺជា​មូលដ្ឋាន​គ្រឹៈ សំរាប់​ទ្រទ្រង់​សង្គម សេដ្ឋកិច្ច និង​នយោបាយ​។ ដីធ្លី មាន​សុវត្ថិភាព គឺជា​សុខដុម​នីយកម្ម ក្នុង​គ្រួសារ និង សង្គម ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​នេះ ត្រូវ​ថែរក្សា​ឱ្យបាន​ល្អ កុំឱ្យ​ខូច រឺ​បាត់បង់ ព្រោះ​វា​មាន​ផលប្រយោជន៍​ក្នុងការ​ប្រើប្រាស់​តាម​ការជាក់ស្តែង ដើម្បី​លើកស្ទួយ​ជីវភាព​របស់​បងប្អូន​កាន់តែ​ប្រសើរឡើង ស្របតាម​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ទំនាស់​ដីធ្លី និង​ធានាបាន​ការកាន់កាប់​ដីធ្លី​ដោយ​ស្របច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close