ថៃ នឹង​បន្ថយ​ថ្ងៃ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទេសចរ​ពី​១៤​ថ្ងៃ មក​១០​ថ្ងៃ​វិញ​

​ថៃ​៖ ក្រសួងសុខាភិបាល​ថៃ កាលពី​ម្សិលមិញ បានប្រកាស​អំឡុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ថា ខ្លួន​គ្រោង​នឹង​បន្ថយ​ចំនួន​ថ្ងៃ​ច​ត្តា​ឡី​ស័ក សម្រាប់​ទេសចរ ពី​១៤​ថ្ងៃ មក​១០​ថ្ងៃ​វិញ ឬ​ឈានដល់​មិនបាច់​ធ្វើ​តែម្តង​។​

​ការប្រកាស​នេះ​ធ្វើឡើង ក្រោយពេល​ភ្ញៀវទេសចរ​បរទេស​៣៩​នាក់​ដំបូង បានធ្វើ​ដំណើរ​ពី​ចិន​មក​ថៃ កាលពី​ថ្ងៃ​អង្គា​រ៍ ជាការ​មកដល់​ក្រោយ​ការបិទ​មិន​ឲ្យ​ទេសចរ​បរទេស​ចូល​ប្រទេស ជិត​៧​ខែ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​រដ្ឋមន្ត្រី​សុខាភិបាល​ថៃ Anutin Charnvirakul បាន​និយាយថា ភ្ញៀវទេសចរ​មកពី​ក្រុង​សៀង​ហៃ​ទាំងនោះ​ត្រូវបាន​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​១៩ មុនពេល​មកដល់​ក្រុង​បាងកក ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត​។ ប៉ុន្តែ​ពេលនេះ នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង​បានស្នើ​ឲ្យ​បន្ថយ​ថ្ងៃ​ធ្វើ​ច​ត្តា​ឡី​ស័ក​មក​ត្រឹម​១០​ថ្ងៃ​វិញ​។​

​លោក​រដ្ឋមន្ត្រី​ថា «​ខ្ញុំ​បាន​និយាយ​ហើយ​ថា ប្រសិនបើ​យើង​ជឿជាក់ យើង​មិនបាន​ខ្លាច​ទេ បើទោះបីជា​ការធ្វើ​ច​ត្តា​ឡី​ស័ក​គឺជា​វិធី​ផ្តល់​សុវត្ថិភាព​បំផុត​នោះ​។ បើ​យើង​មាន​វិធីសាស្ត្រ​ល្អ​ណាមួយ ប្រហែលជា​ត្រូវ​បន្ថយ​៤​ទៅ​៥​ថ្ងៃ ឬ​៣ ឬ ក៏​មិនចាំបាច់​តែម្តង​។​»​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close