ថ្នាំ​ធ្លាប់​ព្យាបាល​លោក​ត្រាំ បានអនុម័ត​ជា​ផ្លូវការ សម្រាប់​ព្យ​បាល​កូ​វីដ​១៩

​សារព័ត៌មាន​CNA នៅ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ បាន​ផ្សាយ​ថា ទីក្រុង​វ៉ាស៊ីនតោន​បានប្រកាស​អនុញ្ញាតឱ្យ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា (COVID-19) របស់​ក្រុមហ៊ុន​ផលិត​ឱសថ ជី​លី​ដ (Gilead Science) សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 ដែល​កំពុង​សម្រាក​នៅឯ​មន្ទីរពេទ្យ​ហើយ ដែល​ថ្នាំ​នេះ​គឺជា​ថ្នាំ​ដំបូង​គេ​បង្អស់ ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់ សម្រាប់​ព្យាបាល​ជំងឺ​នេះ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​។​

​រ៉េ​ម​ដេ​ស៊ី​វា (Remdesivir) គឺជា​ថ្នាំ​មួយ​ក្នុងចំណោម​ថ្នាំ​តែ​ប៉ុន្មាន​មុខ​ប៉ុណ្ណោះ ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ដំណើរការ​ព្យាបាល ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ​។ ការអនុញ្ញាតឱ្យ​ប្រើប្រាស់​ថ្នាំ Remdesivir ជា​ផ្លូវការ​របស់ FDA បានធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​ការតស៊ូ​មតិ​លើកចុងក្រោយ​រវាង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ជាមួយនឹង​ដៃគូ​ប្រជែង​របស់លោក គឺ​លោក ចូ បៃ​ដិ​ន ដែល​បាន​ធ្វើឡើង​នៅមុន​ការបោះឆ្នោត​ប្រធានាធិបតី នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ​។​

ទោះជា​យ៉ាងណា​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​សប្តាហ៍​មុន​បាន​អះអាងថា ការសិក្សា​ស្រាវជ្រាវ​របស់ខ្លួន​បាន​រកឃើញថា ថ្នាំ Remdesivir របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក Gilead Science មិនអាច​កាត់បន្ថយរ​យៈ​ពេល​នៃ​ព្យាបាល​អ្នកជំងឺ​ក្នុង​មន្ទីរពេទ្យ ឬក៏​បង្កើន​ឱកាស​ខ្ពស់​ក្នុងការ​រក្សា​ជីវិត​អ្នកជំងឺ COVID-19 ជាង​ថ្នាំ​ដទៃទៀត​នោះទេ​។​
​
គួរ​ជម្រាប​ថា ថ្នាំ Remdesivir បាន​ក្លាយជា​ថ្នាំ​ម្យ៉ាង​ដែលមាន​ស្តង់ដារ​ក្នុង​ការថែទាំ​អ្នកជំងឺ COVID-19 ដែល​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ទោះបីជា​វា​មិនបាន​បង្ហាញ​ពី​លទ្ធភាព​ជួយ ដល់​ការរស់រានមានជីវិត ក្នុង​អត្រា​ខ្ពស់ជាង​ថ្នាំ​ដទៃ​ក៏ដោយ​។ ថ្នាំ​នេះ​ក៏​មិន​ត្រូវបាន​រកឃើញថា អាចជួយ​អ្នកជំងឺ​ដែល​ស្ថិតក្នុង​ស្ថានភាព​មធ្យម​ដែរ ហើយ​វេជ្ជបណ្ឌិត​ជាច្រើន​នៅតែ​ប្រុងប្រយ័ត្ន​ក្នុងការ​ប្រើប្រាស់​វា ចំពោះ​អ្នកជំងឺ​ដែល​មិន​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ ក្រុមហ៊ុន​ផលិត​ឱសថ Gilead Science បាន​និយាយថា បច្ចុប្បន្ននេះ​ខ្លួន​កំពុងតែ​ព្យាយាម​បំពេញតម្រូវការ​ថ្នាំ Remdesivir នៅ​សហរដ្ឋអាមេរិក ហើយក៏​រំពឹង​ដែរ​ថា នឹង​អាច​ឈានទៅ​បំពេញតម្រូវការ​ទីផ្សារ​សកល ចាប់ពី​ចុងខែ​តុលា​នេះ​តទៅ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close