បិតា​ស្ថាបនិក​ក្រុមហ៊ុន​សាំ​ស៊ុ​ង អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​នៅ​កូរ៉េខាងត្បូង ទទួលមរណៈភាព កាលពី​ថ្ងៃទី​២៥​ខែតុលា​

​បិតា​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា លំដាប់​ពិភពលោក សាំ​ស៊ុ​ង លោក Lee Kun Hee បានទទួល​មរណៈភាព នៅ​ថ្ងៃទី​២៥​ខែតុលា​ដោយ​ជំងឺ​។​

​ក្រុមហ៊ុន Samsung Electronics គឺជា​មូលដ្ឋានគ្រឹះ​នៃ​វិស័យសេដ្ឋកិច្ច​កូរ៉េខាងត្បូង និង​ជា​ក្រុមហ៊ុន​ចំណាយ​ប្រាក់​ច្រើន​បំផុត​សម្រាប់​វិស័យ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​។ ស្ថាបនិក​ក្រុមហ៊ុន​សាំ​ស៊ុ​ង​លោក Lee Kun Hee ក៏​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​បំផុត​នៅ​កូរ៉េខាងត្បូង​ផងដែរ រហូតដល់​ជាង ២០ ០០០ ពាន់​លាន​វន់ ។​

​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង បានប្រកាស​ឲ្យ​ដឹងថា ប្រធានាធិបតី មូ​ន ជេ​អុ​ី​ន បាន​បញ្ជូន​កម្រងផ្កា​និង​លិខិត​រំលែក​ទុក្ខ​ដល់​គ្រួសារ លោក Lee Kun Hee ជា​អ្នកបង្កើត​ក្រុមហ៊ុន​Samsung នៅ​ថ្ងៃទី​២៥ ខែតុលា​។​ ​ប្រធានការិយាល័យ​កូរ៉េខាងត្បូង​លោក Kang Min Seok បាន​លើកឡើងថា ប្រធានាធិបតី មូ​ន ជេ​អ៊ី​ន​នឹង​ទៅ​ចូលរួម​ដោយផ្ទាល់​ក្នុងពេលដែល​ទីតាំង​នៃ​ការរៀបចំ​ពិធី​បុណ្យសព​បានរៀបចំ​រួចរាល់​។​

​ក្រុមហ៊ុន Samsung បានប្រកាសថា​លោក​ប្រធាន Lee Kun Hee បាន​លាចាក​លោក​នេះ​នៅ​ថ្ងៃទី​២៥​ខែតុលា ក្នុង​រដ្ឋធានី​សេ​អ៊ូ​ល ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការស្លាប់​នោះឡើយ​។ ប៉ុន្តែ​អគ្គនាយក Lee Kun Hee បាន​ធ្លាក់ខ្លួន​ឈឺ ដេក​នៅតែ​លើ​គ្រែ​តាំងពី​ឆ្នាំ​២០១៤ រហូតមកទល់​ពេលនេះ​។​

​លោក Lee Kun Hee បិតា​ស្ថាបនិក​ក្រុមហ៊ុន​សាំ​ស៊ុ​ង បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​កាន់តែ​រីកចម្រើន​អត់​ឈប់ឈរ​តាំងពី​ដើមឆ្នាំ​១៩៩០ រហូតមកទល់​ពេលនេះ ។ ក្រុមហ៊ុន Samsung ឈានមុខ​លើ​ក្រុមហ៊ុន​ជប៉ុន និង​អាមេរិក ក្លាយទៅជា​អ្នកផ្គត់ផ្គង់​វិស័យ​បន្ទះ​ឈី​ប​មេម៉ូរី ៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close