សម្បុកសត្វចង្កៀលខ្យងជាង ២ពាន់ រកឃើញជាលើកដំបូង នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

ខេត្តតាកែវ៖ បឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏ធំមួយដែលស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គក្រោម និងត្រូវបានកំណត់ជាតំបន់ការពារទេសភាពបឹងព្រែកល្ពៅតាមរយៈអនុក្រឹត្យលេខ៩០អនក្រ.បក ចុះនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។ តំបន់ដីសើមនេះមានសារៈសំខាន់ក្នុងការទ្រទ្រង់ ផ្គត់ផ្គង់ និងជាទីជម្រករបស់សត្វស្លាប រុក្ខជាតិ មច្ឆជាតិ និងសត្វព្រៃផ្សេងៗ ដែលក្នុងនោះមានសត្វ និងរុក្ខជាតិមួយចំនួនមិនទាន់បានកត់ត្រាលម្អិតនៅឡើយទេ។ អង្គការBirdLife ក្រោមកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការគាំទ្រដល់ការអង្កេតតាមដានជីវៈចម្រុះនៅតំបន់បឹងព្រែកល្ពៅតាំងពីឆ្នាំ២០០៣មកម្ល៉េះ។

តំបន់ការពារទេសភាពបឹងព្រែកល្ពៅបាននឹងកំពុងគាំទ្រដល់សត្វក្រៀលរកចំណីនៅរដូវមិនបន្តពូជប្រមាណ៣០% នៃចំនួនសត្វក្រៀលសរុបទូទាំងប្រទេស និងបានគាំទ្រដល់សត្វស្លាបផ្សេងៗទៀតប្រមាណជា១២៩ប្រភេទ ព្រមទាំងបានផ្តល់គុណតម្លៃសេវាកម្មអេកូឡូស៊ី(ត្រី ទឹក កសិកម្ម…) ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅជុំវិញ ក្នុងតម្លៃប្រមាណជាងពីរលានដុល្លាអាមេរិចក្នុងមួយឆ្នាំ (WWT, ២០១២ )។
សត្វចង្កៀលខ្យង ត្រូវបានកត់ត្រាមានវត្តមាននៅតំបន់បឹងព្រែកល្ពៅតាំងពីឆ្នាំ២០0៣មកម្ល៉េះ ដែលមានចំនួនប្រហែលជាងមួយរយក្បាលប៉ុណ្ណោះ។ ចំនួនសត្វនេះបាននឹងកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់។ យោងតាមមន្ត្រីឧទ្យានុរក្ស និងមន្ត្រីជីវៈចម្រុះ នៅក្នុងឆ្នាំ២០២០នេះ ចំនួនរបស់ពួកវាបានកើនឡើងរហូតដល់រាប់ពាន់ក្បាល និងមានសម្បុកពងកូនយ៉ាងតិចចំនួន២១៨៦ នៅលើដើមរាំងចំនួន២៧០ដើម។ ការធ្វើសម្បុកនេះ ជាកំណត់ត្រាថ្មីដែលពុំធ្លាប់មានក្នុងរយៈពេលប្រមាណជាង១៥ឆ្នាំចុងក្រោយនេះ។
លោក លឹម វ៉ាត នាយករងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានមានប្រសាសន៍ថា ក្នុងរយៈពេល៤ឆ្នាំដែលក្រសួងបរិស្ថានបានគ្រប់គ្រងតំបន់នេះ យើងសង្កេតឃើញថាចំនួនសត្វស្លាបព្រៃមានការកើនឡើងជាលំដាប់។ ជាក់ស្ដែងដូចជាវត្តមានពងកូនសត្វចង្កៀលខ្យងដែលទើបនឹងរកឃើញជាលើកទី១នាពេលថ្មីៗនេះ។ ទិន្នន័យនេះ បានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវលទ្ធផលជាវិជ្ជមាននៃការខិតខំប្រឹងប្រែងរបស់ក្រុមការងារយើងកន្លងមក ក្នុងការការពារ និងអភិរក្សធនធានជីវៈចម្រុះនៅតំបន់ដីសើមនេះ។
បឹងព្រែកល្ពៅជាផ្នែកមួយនៃធនធានធម្មជាតិដ៏ធំបំផុតដែលមានក្នុងប្រព័ន្ធអេកូឡូស៊ីដីសណ្ដទន្លេមេគង្គក្រោមនៃប្រទេសកម្ពុជា។ តំបន់ដីសើមនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនជាង ៥.០០០ គ្រួសារមកពី២២ ភូមិជុំវិញតាមរយៈការផ្តល់ជាទឹកសាប ត្រី និងរុក្ខជាតិឱសថ។ តំបន់នេះ ក៏ផ្តល់ការគាំទ្រដ៏សំខាន់សម្រាប់សន្តិសុខស្បៀង និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ៕





កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។