សូម​ប្រុងប្រយ័ត្ន​! ​ព្យុះ ម៉ូ​ឡាវ មកដល់​កម្ពុជា ថ្ងៃទី​២៨-២៩ តុលា​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​លាយឡំ​នឹង​ខ្យល់​ខ្លាំង​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា កម្ពុជា​នឹងរង​ឥទ្ធិពល​ព្យុះ​មួយ​ឈ្មោះ ម៉ូ​ឡាវ នៅ​ថ្ងៃទី​២៨ និង​ទី​២៩ ខែតុលា ឆ្នាំ​២០២០​ខាងមុខនេះ​។​

​យោង​ការតាមដាន និង​ការវិវត្ត​ជាក់ស្តែង​នៃ​ស្ថានភាព​អាកាសធាតុ បង្ហាញ​ឲ្យ​ឃើញថា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០​នេះ វិ​សម្ពាធ​មួយ ដែល​បាន​កើតឡើង​ក្នុង​មហាសមុទ្រ​ប៉ា​ស៉ី​ហ្វិ​ក​ខាងកើត កៀក​នឹង​ប្រទេស​ហ្វីលីពីន បាន​វិ​វត្ត​ខ្លួន​ជា​បន្តបន្ទាប់​ទៅជា ព្យុះ​ទី ១៨ ឈ្មោះ ម៉ូ​ឡាវ (MOLAVE) ដោយ​ដើរ​ចូលទៅ​ភាគ​កណ្តាល​ប្រទេស​ហ្វីលីពីន​។​

​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹងថា តាម​ការ​ព្យាករ ព្យុះ​នេះ នឹង​បង្កើន​ឥទ្ធិពល​ជា​លំដាប់ នៅពេល​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន រួច​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ហើយ​បាន​ថមថយ​ឥទ្ធិពល​នៅពេល​ចូល​មកដល់​ប្រទេស​វៀតណាម ត្រង់​ម្តុំ​ចំណុច​ក្វាង​ងៃ (Quang Ngai) នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ រួច​បន្តដំណើរ​ចូល​លើ​តំបន់​ប៉ា​សុង​របស់​ប្រទេស​ឡាវ ដោយ​ថមថយ​ឥទ្ធិពល​ទៅជា​វិ​សម្ពាធ និង​សម្ពាធ​ទាប នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០​។​

​លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ មាន​ស្ថានភាព ដូចខាងក្រោម​៖
* បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន រួមមាន​ខេត្ត រតនគិរី ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​លាយឡំ​ជាមួយនឹង​ខ្យល់​ខ្លាំង​
* បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប រួមមាន​ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិន​និង​ខេត្តបាត់ដំបង អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​។​

​យោង​លើ​ស្ថានភាព​អាកាសធាតុ ក្រសួង​ធនធានទឹក ស្នើ​ឲ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ពិសេស​ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​ខាងលើ បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន និង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​អាកាសធាតុ​មានការ​ប្រែប្រួល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close