បាតុករ​ថៃ នឹងឲ្យ​អាល្លឺម៉ង់ ស៊ើបអង្កេត​ការប្រើប្រាស់​អំណាច​របស់​ព្រះមហាក្សត្រ នា​អំឡុង​ស្នាក់នៅ​ប្រទេស​អឺរ៉ុប

​ថៃ​៖ ក្រុមបាតុករ​ថៃ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​បញ្ជាក់ថា ពួកគេ​នឹងដាក់​ញា​តិ្ត​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ដើម្បី​បើក​ការស៊ើបអង្កេត​ចំពោះ​ការប្រើប្រាស់​អំណាច​របស់​ព្រះមហាក្សត្រ​ថៃ​ថ្មី ព្រះបាទ មហា វិ​ជ្ជ​រ៉ា​ឡុងកន អំឡុងពេល​ទ្រង់​ស្នាក់នៅ​ក្នុងប្រទេស​អឺរ៉ុប​មួយ​នេះ ខណៈ​មនុស្ស​រាប់ពាន់នាក់​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​សាជាថ្មី​ទៀត នៅ​ចំ​កណ្តាល​ទីក្រុង​បាងកក នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ។​

​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ មនុស្ស​រាប់ពាន់នាក់​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​សាជាថ្មី​ម្តងទៀត នៅ​ចំ​កណ្តាល​ទីក្រុង​បាងកក​របស់​ប្រទេស​ថៃ ដែលជា​បាតុកម្ម​លើកដំបូង ចាប់តាំងពី​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ព្រងើយកន្តើយ​នឹង​កាលកំណត់​បី​ថ្ងៃ​របស់​ពួកគេ ដែល​ទាមទារ​ឲ្យ​លោក ប្រា​យុទ្ធ ចុះចេញ​ពីមុខ​តំណែង​បាន​ផុតកំណត់​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ។
​បាតុកម្ម​ថ្ងៃអាទិត្យ​នេះ​ជាការ​ប្រមូល​ផ្តុំគ្នា​ជា​ទ្រង់​ទាយ​ធំ​ជា​លើកដំបូង បន្ទាប់ពី​លោក ប្រយុទ្ធ ចាន់​អូ​ចា បានប្រកាស​លុបចោល​ប​ទ​បញ្ជា​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន រួមទាំង​បទបញ្ជា​ពាក់ព័ន្ធ​ដទៃទៀត ។​

​ទោះយ៉ាងណា ការិយាល័យ​នាយករដ្ឋមន្ត្រី​ថៃ​បាន​បង្ហោះ​កំណត់ត្រា​នៅលើ​បណ្តាញ​សង្គម Twitter ដោយបាន​បញ្ជាក់ថា លោក ប្រយុទ្ធ នឹងមិន​ចុះចេញ​ពី​តំណែង​ទេ ហើយ​វិបត្តិ​នេះ គួរតែ​ត្រូវបាន​ពិភាក្សា​នៅក្នុង​សភា ដែល​ត្រូវ​បើក​សម័យប្រជុំ​ពិសេស​នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close