ថ្ងៃនេះ​! កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ម្នាក់ទៀត លើ​ស្ត្រី​ជនជាតិ​បារាំង​

ភ្នំ​ពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បានប្រកាសថា គេ​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ម្នាក់ លើ​ស្ត្រី​ជនជាតិ​បារាំង ដែល​ទើប​ធ្វើដំណើរ​មកពី​ប្រទេស​បារាំង ចូលមក​កម្ពុជា​។​

​ស្ត្រី​ជនជាតិ​បារាំង​ដែល​រកឃើញ​មាន​ឆ្លង​កូ​វីដ​១៩ មាន​អាយុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​បារាំង បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មកដល់​កម្ពុជា​នៅ​ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ​២០២០​។ បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​គួរ​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន​១០៨​នាក់ (​ស្រី ៤៧​នាក់ និង​កុមារ ០៣​នាក់​) ដែល​ក្នុង​ចំនួន​នេះ មាន​ស្ត្រី​ជនជាតិ​បារាំង អាយុ ២៣​ឆ្នាំ​ខាងលើ​ផងដែរ​។ រីឯ​អ្នកដំណើរ​ចំនួន ១០៧​នាក់ ដែលមាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ នោះ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​វិទ្យាល័យ​បូរី ១០០​ខ្នង​ចំនួន​១៩​នាក់ និង​ក្រៅពីនោះ​នៅ​សណ្ឋាគារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​០៧៖០០​ព្រឹក​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ​២០២០ នៅ​កម្ពុ​ជាមាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ២៨៨​នាក់ ក្នុងនោះ ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៨៣​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន ០៥​នាក់ ៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close