លោក ច័ន្ទ សារុន ជំរុញឲ្យកសិករដាំបន្លែ ដើម្បីបន្ថយការនាំចូលបន្លែពីវៀតណាម
ទេសរដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន ក្នុងពេលថ្មីនេះ បានជំរុញឲ្យប្រជាកសិករ ដាំដំណាំលើដីស្រែ បន្ទាប់ពីប្រមូលផលស្រូវរួច។ ការដាំដំណាំបន្ទាស់លើដីតែមួយ មិនត្រឹមតែធ្វើឲ្យដីមានជីវជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏អាចផ្គត់ផ្តង់តម្រូវការបន្លែក្នុងស្រុកបានដែរ ខណៈបន្លែពីវៀតណាមកំពុងវាយលុកខ្លាំង ក្នុងទីផ្សារកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ច័ន្ទ សារុន មានប្រសាសន៍ថា ការដាំស្រូវតែមួយមុខ មិនបានផ្តល់ផល ដល់កសិករច្រើនឡើយ ផ្ទុយទៅវិញ ប្រសិនបើកសិករនាំគ្នាដាំបន្លែ បន្ទាប់ពីប្រមូលផលស្រូវនោះ ដីក៏កាន់តែល្អ។ លោក ច័ន្ធសារ៉ុន ពន្យល់ថាបន្លាស់ដំណាំ លើដីតែមួយ គឺធ្វើឲ្យដីកាន់តែមានជីជាតិល្អ និងធ្វើឲ្យដំណាំទទួលបានទិន្នផលខ្ពស់។
បន្ថែមពីនេះ លោកថា បន្លែមួយចំនួន មានតម្លៃថ្លៃជាងស្រូវ និងងាយថែទាំ ដែលអាចជួយលើកកម្ពស់ជីវភាពពលរដ្ឋឲ្យបានប្រសើរ។ លោកលើកឧទាហរណ៍ ថា មានកសិករនៅស្រុកត្រាំកក់ម្នាក់បានដាំខ្ទឹមក្នុងមួយថ្ងៃ បាន១៥គីឡូក្រាម យកទៅហាងគុយទាវ ដែលអាចរកចំណូលបានច្រើនសម្រាប់ចិញ្ចឹមគ្រួសារ។
លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ ដោយស្រង់ការលើកឡើងរបស់ លោក យង់ សាំង កុមារ ទីប្រឹក្សាជាន់ខ្ពស់អង្គការសេដាក ដែលធ្លាប់ផ្តល់បទសម្ភាសន៍ដល់កាសែតភ្នំពេញប៉ុស្តិ៍ថា កម្ពុជាបាននាំចូលបន្លែពីក្រៅប្រទេសប្រហែល៨០ភាគរយ ខណៈដែលពលរដ្ឋកម្ពុជាអាចផលិតបន្លែបានត្រឹមតែជាង២០ប៉ុណ្ណោះ។
ការថ្លែងរបស់លោកទេសរដ្ឋមន្ត្រី ច័ន្ទ សារុន គឺធ្វើឡើងនៅក្នុង ទិវាស្រែ ស្តីពី៖«ការជំរុញការធ្វើស្រែតាមបែបប្រពលវប្បកម្ម ស្រូវតាមគោលការណ៍ធម្មជាតិ» ដែលរៀបចំដោយអង្គការសេដាក នៅភូមិត្បែងទទឹង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។