វៀតណាម ត្រៀម​ជម្លៀស​ប្រជាជន​ជាង ១​លាន​នាក់ ព្រោះ​ព្យុះ​ម៉ូ​ឡាវ

​វៀតណាម​៖ វៀតណាម ត្រៀមខ្លួន​ជម្លៀស​ប្រជាពលរដ្ឋ​១​លាន​៣​សែន​នាក់ ខណៈដែល​ព្យុះ Molave ដែល​បាន​វាយប្រហារ​ហ្វីលីពីន កាលពី​យប់មិញ បង្ក​ជាការ​បាក់​ដី​និង​ទឹកជំនន់ ហើយ​អ្នកនេសាទរ​ជាច្រើន​នាក់​បាត់​ខ្លួន នា​ថ្ងៃ​ចន្ទ ទី​២៦ តុលា​នេះ​។​

​ព្យុះសង្ឃរា ដែលមាន​ល្បឿន​ខ្យល់ ១២៦​គីឡូម៉ែត្រ ក្នុង​១​ម៉ោង ឬ​អាច​ឈានដល់ ១៥០​គីឡូម៉ែត្រ បានធ្វើ​ឲ្យ​កោះ Luzon របស់​ហ្វីលីពីន ត្រូវបាន​ភ្លៀង​ជន់​លិច បាក់​ដី ក្នុង​តំបន់​ជាច្រើន នេះ​បើតាម​អាជ្ញាធរ​ហ្វីលីពីន​។
​ព្យុះ​ទី​១៧ ដែល​ធ្លាប់​វាយប្រហារ​ហ្វីលីពីន​ខ្លាំង​កាលពី​ឆ្នាំមុន​ដែរនោះ ត្រូវបាន​ព្យាករណ៍​ថា នឹង​វាយប្រហារ​តំបន់​កណ្តាល​វៀតណាម នៅ​ថ្ងៃ​ពុធ សប្តាហ៍​នេះ ជាមួយនឹង​ល្បឿន​ខ្យល់ ១៣៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ បើ​បែបនេះ​មែន វា​នឹង​ក្លាយជា​ព្យុះ​ទី​៤​ដែល​វាយប្រហារ​វៀតណាម ក្នុងពេល​១​ខែ​នេះ ខណៈដែល​ព្យុះ​មុនៗ បណ្តាល​ឲ្យ​វៀតណាម​ស្លាប់​មនុស្ស​១៣០​នាក់ បាត់​ខ្លួន​២០​នាក់ នៅ​តំបន់​កណ្តាល​។​

​នាយករដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc បានប្រកាសថា ព្យុះ Molave នេះ​នឹងមាន​ឥទ្ធិពល​ខ្លាំងណាស់ ដែល​នឹង​វាយប្រហារ​តំបន់​ជាច្រើន ដោយបាន​ផ្ញើ​សារ​ព្រមាន​នេះ​ទៅកាន់​បណ្តា​ខេត្ត និង​ក្រុង ដែល​ត្រូវ​ព្យុះ​នេះ​វាយប្រហារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close