ស្ត្រីជន​ជាតិចិន​ម្នាក់ ដើរ​ស្រែកយំ​ថាត្រូវ​ចោរឆក់​នោះ ជា​ព័ត៌មាន​មិន​ពិត​

​ភ្នំពេញ​៖ សេចក្តី​បកស្រាយ​បំភ្លឺ របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់ទង​ទៅនឹង​ករណី​ស្ត្រីជន​ជាតិចិន​ម្នាក់​ដែល​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា​ត្រូវបាន​ចោរឆក់​កាលពី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២០ ជា​ព័ត៌មាន​មិន​ពិត ជាក់ស្តែង​មិនមាន​ករណី​ឆក់​កើតឡើង​ដូច​ស្ត្រី​ចិន​រូបនេះ​លើកឡើង​ឡើយ​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា បន្ទាប់ពី​ធ្វើ​ការសហការ​ស្រាវជ្រាវ រវាង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចតុមុខ ការិយាល័យ​អនុវត្ត​នីតិវិធី​នៃ​ផែន​ការងារ​អន្តោប្រវេសន៍ ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ អស់​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​រកឃើញ​ស្ត្រីជន​ជាតិចិន​ឈ្មោះ ZHAO YUNYAN ហើយ​បាន​នាំយកមក​ធ្វើការ​សាកសួរ និង​បំភ្លឺ​ចំពោះ​ករណី​ដែល​គាត់​បាន​លើកឡើងថា មាន​ករណី​ចោរឆក់​កាលពី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២០ ក្រោយពី​ធ្វើការ​សាកសួរ ស្ត្រី​រូបនេះ​បាន​សារភាពថា មិនមាន​ករណី​ឆក់​កើតឡើង​មកលើ​រូបគាត់​នោះទេ ដោយសារតែ​គាត់​ចង់បាន​លុយ ដើម្បី​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ទើប​ប្រឌិត​រឿងនេះ​ឡើង​។

​ម្យ៉ាងវិញទៀត​ដោយមាន​ការសង្ស័យថា ស្ត្រី​រូបនេះ​ប្រើប្រាស់​សារធាតុ​ញៀន មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​ស្ត្រីជន​ជាតិចិន​រូបនេះ ជា​លទ្ធផល​បាន​បង្ហាញថា​គាត់​ពិតជា​បាន​ប្រើប្រាស់​សារធាតុ​ញៀន​ពិតប្រាកដ​មែន​។​ ​ពេលនេះ​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ប៉ុស្តិ៍នគរបាល​រដ្ឋ​ចតុមុខ​នៃ​អធិការដ្ឋាន​នគ​បាល​ខណ្ឌដូនពេញ កំពុង​រៀបចំ​ឯកសារ​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ត្រៀម​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្តថា ដើម្បី​ចូលរួម​សហការ​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត មុននឹង​ធ្វើការ​ចុះផ្សាយ​ទាក់ទង​ទៅនឹង​ករណី​អ្វីមួយ​ដែល​មិនមាន​ប្រភព​ច្បាស់លាស់ សូម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់​ជាមុនសិន ដើម្បី​កុំ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់ច្រឡំ ជាពិសេស​ការចុះផ្សាយ​ព័ត៌មាន​មិន​ពិត​មួយចំនួន​អាច​ក្នុង​គោលបំណង​អាក្រក់​ដើម្បី​បំពុលបរិយាកាស​សង្គម​ផងដែរ​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close