កម្ពុជា នឹង​បង្កើត​ទេសចរណ៍​ថ្មីៗ ទាក់ទាញ​ទេសចរ​អន្តរជាតិ​ឱ្យបាន ៧​លាន​នាក់ មកកាន់​សៀមរាប​-​អង្គរ នៅ​ឆ្នាំ​២០៣៥

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែងឱ្យដឹងថា ដើម្បី​ទាក់ទាញ​ទេសចរ​អន្តរជាតិ​មកកាន់​ខេត្តសៀមរាប​-​អង្គរ​ឱ្យបាន​ប្រមាណ ៧ លាន​នាក់ នៅ​ឆ្នាំ​២០៣៥ គោលដៅ​ទេសចរណ៍​ធំៗ​ថ្មី​នៅ​ជុំវិញ​អង្គរ​នឹង​ត្រូវបាន​បង្កើតឡើង ដែល​ផែនការ​នេះ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​រយៈពេល​៩​ខែ ឆ្នាំ​២០២០ និង​ទិសដៅ​អនុវត្ត​បន្ត​នៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០២០ ក្នុងដំណាក់កាល​វិបត្តិ កាលពី​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ត្រូវបាន​ដាក់​ឆ្លង​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ទេសចរ​ណ៍ហើយ ក្នុងនោះ​ក្រសួងទេសចរណ៍​ក៏​កំពុង​រៀបចំ​កែសម្រួល​ឱ្យ​វា​ខ្លី​ជាង​មុន ដើម្បី​ដក់​ឆ្លង​រាជរដ្ឋាភិបាល ពិនិត្យ​និង អនុ​ម​ត្តិ នៅពេល​ខាងមុខ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា គោលដៅ​ទេសចរណ៍​ថ្មី​ចំនួន ៤ ធំៗ​បន្ថែមទៀត​លើ​គោលដៅ​ទេសចរណ៍ ២ ដែលមាន​ស្រាប់ អាច​នឹង​ត្រូវបាន​បង្កើត​ឡើង ក្នុងនោះ​រួមមាន​តំបន់​បឹង​ទន្លេសាប តំបន់ភ្នំ​គូលែន តំបន់​បន្ទាយស្រី និង​ទីក្រុង​សៀមរាប​ថ្មី​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ចំពោះ​ការបង្កើត​ទីក្រុង​សៀមរាប​ថ្មី​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ទ្រទ្រង់​ដល់ទី​ក្រុង​សៀមរាប​បច្ចុប្បន្ន ដែល​មិនអាច​សាងសង់​សំណង់​ទំនើប​ខ្ពស់ៗ ឬ​សំណង់​ដែល​ប៉ះពាល់​ដល់​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​។​

​ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ចក្ខុវិស័យ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សន​ខេត្តសៀមរាប​ឱ្យបាន ៧ លាន​នាក់ នៅ​ឆ្នាំ​២០៣៥ ដោយ​នឹង​ប​ង្កើ​ការងារ​ផ្ទាល់​ប្រមាណ ៩០ ម៉ឺន​នាក់ រួមជាមួយ​ការទទួលបាន​ប្រាក់ចំណូល​ប្រមាណ ៥ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​ដូចគ្នា​នោះ​។ ដើម្បី​សម្រេច​ចក្ខុ​វិស័យនេះ ទីក្រុង​សៀមរាប​បច្ចុប្បន្ន​មិនអាច​ទ្រទ្រង់បាន​គ្រប់គ្រាន់​ឡើយ គឺ​ចាំបាច់​ត្រូវបង្កើត​ឱ្យមាន​ទីក្រុង​ថ្មី​មួយទៀត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ទីក្រុង​ថ្មី​នេះ​ត្រូវតែ​រៀបចំ​ឱ្យ​ក្លាយជា​ទីក្រុង​វៃឆ្លាត (Smart City) ប៉ុន្តែ​ប្លង់គោល​ទីក្រុង​ទាំងមូល​អាច​នឹងត្រូវ​សិក្សា​រចនា​ឡើង​តាម​ទម្រង់​បុរាណ​ខ្មែរ​។​

​ចំពោះ​ទីតាំង​ទីក្រុង​សៀមរាប​ថ្មី​នេះ ត្រូវបាន​លោក​រដ្ឋមន្ត្រី​បង្ហើប​ឱ្យដឹងថា គឺ​ត្រូវ​ស្ថិតនៅ​ក្រៅពី​តំបន់​ការពារ​របស់​អាជ្ញាធរ​ជាតិ​អ​ប្សា​រា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close