ប្រជាកសិករដាំបន្លែ សូមឲ្យអាជ្ញាធរគិតគូរដោះស្រាយឈ្មួញដែលបន្ថោកបន្លែដែលកំពុងបានទិន្នផលខ្ពស់

​ប្រជាកសិករ​ភូមិ​កោះក្របី​និង​ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ប្រកប​របរ​ធ្វើ​ចម្ការ​បន្ទាប់ពី​ធ្វើស្រែ សប្បាយចិត្ត​ចំពោះ​ដំណាំ​ស្ពៃ​ដែល​ដាំ​លូតលាស់​ល្អ ។ ប៉ុន្តែ​ក៏​កំពុង​អាក់អន់ចិត្ត​ចំពោះ​ឈ្មួញ ដែល​បាន​បន្ថោក​បន្លែ​ស្ពៃ​គាត់​ខ្លាំងពេក ដោយហេតុ​នេះហើយ​ពួកគាត់​សំណូមពរ​ដល់​អាជ្ញាធរខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ សូមជួយ​រក​ទីផ្សារ​ឲ្យ​ពួកគាត់​ផង ។​

​អ្នកភូមិ​ទាំង​នោះបាន​លើកឡើងថា ដំណាំ​ស្ពៃ​របស់គាត់​ឆ្នាំនេះ​បាន​ផល​ល្អ​ណាស់ ដោយសារ​កត្តា​ធម្មជាតិ គឺ​ទឹកបាន​លិច​ដីចម្ការ​របស់​ពួកគាត់ ខុសពី​ឆ្នាំ​កន្លងទៅ​ទឹកតូច​មិន​លិច​ដីចម្ការ​ទេ ទើប​ដាំ​ដំណាំ​មិនសូវ​បាន​ផល​ដូច​ឆ្នាំនេះ​។ ប៉ុន្តែ​ប្រការ​ដែល​គួ​សោកស្តាយ​នោះ គឺ​ឈ្មួញ​បាន​បន្ថោក​ស្ពៃ​គាត់​ជាខ្លាំង ។ ដំណាំ​ស្ពៃ​គាត់​កាល​ប្រមូល​ផល​សា​មុនដំបូង ស្ពៃ​១​គីឡូក្រាម​បាន​ថ្លៃ​តែ​៦​រយ​ទៅ​៨​រយ​រៀល​ប៉ុណ្ណោះ ចំណែក​សា​ទី​២​នេះ បាន​១.២០០​រៀល​ក្នុង​មួយ​គីឡូក្រាម ។​

​បើទោះបីជា​បែបនេះ​ក្តី ក្នុងតម្លៃ​នេះ​ក៏​នៅតែ​ថោក​ដែរ បើ​ប្រៀបធៀប​ទៅនឹង​តម្លៃ​ក្នុង​ផ្សារ និង​ម្យ៉ាងវិញទៀត តម្លៃ​ទាំងនេះ​មិនអាច​រួច​ថ្លៃ​ចំណាយ​និង​ថ្លៃ​កម្លាំង​ពលកម្ម​បានឡើយ បើ​គិត​ឲ្យ​អស់​ទៅ តែ​មិនដឹង​ធ្វើ​ម៉េច​បើ​គ្មាន​ទីផ្សារ​អ៊ីចឹង ។ ចំណែក​ឈ្មួញ​ចុះមក​ទិញ​មានតែ​២​នាក់​ប៉ុណ្ណោះ ម្លោះ​ហើយ​ស្រេច​តែ​ចិត្ត​ឈ្មួញ​ថា ប៉ុនណា​គឺ​ប៉ុណ្ណឹង​ហើយ​។ ហេតុនេះ ពួកគាត់​ជា​អ្នកចម្ការ​ដែល​ដាំ​តែ​ដំណាំ​ស្ពៃ​រាល់​ឆ្នាំ សំណូមពរ​ដល់​អាជ្ញាធរខេត្ត​និង​មន្ត្រី​ជំនាញ សូមជួយ​រក​ទីផ្សារ​ឲ្យ​ពួកគាត់​ជា​អ្នកចម្ការ​ផង​។​

​ជុំវិញ​បញ្ហា​នេះ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ដែរ​ថា អ្នកភូមិ​កោះក្របី​និង​ភូមិ​ផ្សារលើ​គាត់​ដាំ​តែ​ស្ពៃ​រាល់​ឆ្នាំ ប៉ុន្តែ​សំខាន់​លំបាក​បន្តិច​ហើយ​រឿង​ទីផ្សារ​ស្រុក​យើង​នោះ ។ ដូច្នេះ​សូម​ពួកគាត់​ខិតខំ​បន្តិច​ទៅ កន្លែង​ណា​ក៏​ដូច​កន្លែង​ណា​ដែរ បច្ចុប្បន្ន​ទីផ្សារ​ទាប​បន្តិច វា​មិន​ទៀង​ជួន​អាច​ថ្លៃ​គឺ​ឡើងថ្លៃ​ភា្ល​ម​តែម្តង ។ កន្លងមក ខាង​មន្ទីរ​និង​ក្រសួង​ក៏​ខំ​ខ្នះខ្នែង​ដែរ ដើម្បី​រក​ទីផ្សារ​ឲ្យ​ពួកគាត់ មិនថាតែ​ដំណាំ​ស្ពៃ​ទេ គឺ​ផលិតផល​កសិកម្ម​គ្រប់​ប្រភេទ​ទាំងអស់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close