ប័ណ្ណកម្មសិទ្ធិដីធ្លី ៦៥ក្បាលដី ក្នុងសង្កាត់ស្លក្រាម ចែកជូនដល់ម្ចាស់ នៅព្រឹកមិញនេះ

ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៦៥ក្បាលដី ដែលមានទីតាំងនៅក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ជូនដល់ប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិ ក្រោមអធិបតីភាពលោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ។

លោក លី សំរិទ្ធ អភិបាលរងខេត្ត បានសម្តែងនូវការអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងអស់ ដែលទទួលបាននូវប័ណ្ណកម្មសិទ្ធិ ដើម្បីបានប្រើប្រាស់តាមផ្លូវច្បាប់ ក្នុងដំណោះស្រាយបញ្ហាកង្វះខាត ឬដើម្បីមុខរបរ ធ្វើអាជីវកម្មផ្សេងៗ លើកស្ទួយជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ និងបានរក្សាទុកជាឯកសារសំអាងក្នុងទំនាស់ដីធ្លី ខណៈដែលការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ពិតជាត្រូវបានអនុវត្តតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត និងមានប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី ដូច្នេះសូមបងប្អូនទាំងអស់ ត្រូវថែរក្សាប័ណ្ណកម្មសិទ្ធិឲ្យបានគង់វង្សល្អ កុំឲ្យមានការបាត់បង់ ឬខូចខាតសោះឡើយ ។
លោក លី សំរិទ្ធ មានប្រសាសន៍ទៀតថា ទម្រាំទទួលបាននូវលទ្ធផលក្នុងថ្ងៃនេះ គឺបានឆ្លងកាត់ជាដំណាក់កាលច្រើនឆ្នាំមកហើយ ហើយការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺសមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ និងកាត់បន្ថយបញ្ហាទំនាស់ដីធ្លីនៅក្នុងសង្គម ប៉ុន្តែប្រការសំខាន់នោះគឺ អ្វីៗដែលកើតមានឡើងនៅថ្ងៃនេះ ក៏ដោយសារប្រទេសជាតិមានសុខសន្តិភាព ដូច្នេះយើងទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ឲ្យស្ថិតស្ថេរជារៀងរហូត អរគុណសន្តិភាព ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានឲ្យដឹងថា ប័ណ្ណកម្មសិទ្ធិដែលត្រូវប្រកាសចែកជូនម្ចាស់ដីនៅភូមិធ្លកអណ្តូងមានចំនួន៦៥ក្បាលដីនាពេលនេះ ត្រូវបានគណៈកម្មរដ្ឋបាលខេត្តប្រជុំពិនិត្យដោះស្រាយ និងបានស្នើសុំគោលការណ៍ចេញប័ណ្ណកម្មសិទ្ធិជូនកម្មសិទ្ធិកររួចរាល់ ជាមួយនឹងការបដិសេធទៅម្ចាស់បណ្តឹងផងដែរ និងនៅមានចំនួន១០៣ក្បាលដីទៀត ដែលបានពិនិត្យឃើញថា ពុំទាន់អាចចេញប័ណ្ណកម្មសិទ្ធិបាននៅឡើយ ដោយសារនៅជាប់នឹងទំនាស់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។