២នាក់ឪពុកកូន បើកត្រាក់ទ័រជាន់ចំមីនតោន ផ្ទុះស្លាប់ភ្លាមៗ នៅចំណុចព្រំដែនកម្ពុជា-ថៃ

ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃចំនួន ២នាក់ បានស្លាប់ភ្លាមៗ ខណៈកំពុងបើកត្រាក់ទ័រច្រូតស្មៅ បានជាន់ចំមីនតោន បណ្តាលឲ្យផ្ទុះកក្រើកព្រៃ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចបង្គោលសីមាលេខ៤៣ ក្នុងភូមិននស៊ូង ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ទល់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។

លោកវរសេនីយ៍ឯកសូ សុវណ្ណារី មេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ៩១១ បានឲ្យដឹងថា ក្រោយពីលឺស្នូរផ្ទុះ កម្លាំងសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុខាងលើ នៅក្នុងទឹកដីថៃ បានប្រទះឃើញត្រាក់ទ័រ១គ្រឿង បានជាន់មីនតោន បណ្តាលឲ្យផ្ទុះខ្ទេច និងមានមនុស្សស្លាប់ចំនួន ២នាក់។
ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ខៀវ ព្រំម៉ា ភេទប្រុស អាយុ៧០ឆ្នាំ ជាឪពុក និងកូនប្រុសឈ្មោះ ខៀវ ភុងសាក់ អាយុ៣៧ឆ្នាំ, ទាំង២នាក់ ជាជាតិថៃ នៅភូមិននស៊ូង ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។