ព្យុះសង្ឃរា Goni មានល្បឿនខ្យល់ដល់ទៅ២១៥ គីឡូម៉ែត្រក្នុងមួយម៉ោងវាយប្រហារហ្វីលីពីន

មន្ត្រីហ្វីលីពីនបានជម្លៀសពលរដ្ឋជាង១លាននាក់ ទៅកាន់តំបន់សុវត្ថិភាព ដោយព្យុះGoni វាយប្រហារ ដែលជាព្យុះទ្រង់ទ្រាយធំបំផុត ក្នុងឆ្នាំ២០២០។ ព្យុះGoni បានចូលដល់ហ្វីលីពីននៅព្រឹកថ្ងៃទី១ខែវិច្ឆិកា ដោយមានល្បឿនខ្យល់ដល់ទៅ ២១៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ព្យុះGoni បានចូលដល់ ខេត្ត Catanduanes នៅព្រឹកថ្ងៃទី១ខែវិច្ឆិកា ហើយព្យុះនេះនឹងចាកចេញពី ហ្វីលីពីននៅថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ ២០២០។ ពេលព្យុះចូលដល់ខេត្ត Catanduanes មានល្បឿនខ្យល់ដល់ទៅ២១៥ ឬ២៦៥គីឡូម៉ែត្រ ក្នុងមួយម៉ោង មុនពេល ចូលទៅកាន់កោះ Luzon។
ទីភ្នាក់ងារឧតុនិយមហ្វីលីពីន PAGASA បានឲ្យដឹងថា កំពូលព្យុះទីហ្វុង Goni បានបោកបក់មកចំលើក្រុង Bato ក្នុងខេត្ត Catanduanes នៅភាគអាគ្នេយ៍កោះ Luzon កាលពីខ្ទង់វេលាម៉ោង០៤៖៥០នាទីទាបភ្លឺថ្ងៃអាទិត្យនេះ ជាមួយកម្លាំងខ្យល់ចន្លោះ២២៥-២៨០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយកំពុងឆ្ពោះទៅខាងលិចជាមួយល្បឿន២៥គីឡូម៉ែត្រក្នុងមួយម៉ោង។
អាជ្ញាធរហ្វីលីពីនបានជម្លៀសខ្លួនប្រជាជនជាច្រើននាក់ ចេញពីទីតាំងរងហានីភ័យខ្ពស់នៅតំបន់ Bicol ហើយព្រលានយន្តហោះអន្តរជាតិនៅរដ្ឋធានីម៉ានីល នឹងត្រូវបិទរយៈពេល២៤ម៉ោង ចាប់ពីម៉ោង១០៖០០នាទីព្រឹកថ្ងៃអាទិត្យនេះ។ ព្យុះទីហ្វុង Goni ដែលជាព្យុះទីហ្វុងទី១៨ ដែលវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ នឹងឆ្លងកាត់ខេត្ត Quezon និងតំបន់ដទៃទៀតដែលនៅភាគខាងត្បូងទីក្រុងម៉ានីល មុនពេលចេញផុតទៅដល់សមុទ្រចិនខាងត្បូងនៅព្រឹកថ្ងៃចន្ទស្អែក។
កន្លងទៅថ្មីៗនេះ ព្យុះទីហ្វុង Molave ទើបតែបានផ្តាច់ជីវិតមនុស្ស២២នាក់ និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនិងផ្ទៃដី ដំណាំនៅប្រទេសហ្វីលីពីន។ ប្រទេសអាស៉ីអាគ្នេយ៍មួយ តែងតែទទួលរងការវាយប្រហារជាប្រចាំពីសំណាក់ព្យុះទីហ្វុងនិងព្យុះត្រូពិចចាប់ពី ខែមិថុនារហូតដល់ខែធ្នូ ជារៀងរាល់ឆ្នាំ ដោយកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ព្យុះទីហ្វុងដ៏អាក្រក់បំផុតមួយគឺ Haiyan បានសម្លាប់មនុស្សដល់ ទៅជាង៧,០០០នាក់នៅហ្វីលីពីន៕



កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។