១០ខែ ឆ្នាំនេះ កម្ពុជា នាំចេញអង្ករជាង ៥៣ម៉ឺនតោន មានការកើនឡើងជាង ១៧ភាគរយ

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា រយៈពេល១០ខែ ឆ្នាំ២០២០ កម្ពុជា បាននាំអង្ករចេញទៅក្រៅប្រទេស បានជាង៥៣ម៉ឺនតោន កើនឡើងជាង ១៧ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។

ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថា ក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០២០ សម្រេចបាន ៥៣៦,៣០៥តោន រួមមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤២១,១៣២តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១០៩,០១២តោន និងអង្ករចំហ៊ុយមានចំនួន ៦,១៣៨ តោន។ ការនាំចេញអង្ករនេះ គឺមានការកើនឡើងប្រមាណ ៧៨,៣៦៥តោន ស្មើនឹង១៧.១១% ដែលធៀបទៅនឹងរយៈពេល១០ខែដើមឆ្នាំ២០១៩ មានចំនួន ៤៥៧,៩៤០តោន។
សូមជម្រាបថា ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជា មានចំនួន៦០ប្រទេស ក្នុងនោះសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន២៤ ក្នុងចំណោម២៨ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ាន ចំនួន៦ និងនៅទ្វិបដទៃទៀតចំនួន ២៩ប្រទេស។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន១០ ក្នុងចំណោម៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ។
ដោយឡែកការនាំចេញស្រូវទៅតាមបណ្តាច្រក នៃខេត្តជាប់ព្រំដែនប្រទេសវៀតណាម សម្រាប់រយៈពេល៩ខែ ២៨ថ្ងៃ ឆ្នាំ២០២០ (មកទល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០) មានបរិមាណសរុបចំនួន ១,៤២៧,២២៦តោន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។