ប្រទះឃើញសពទារកម្នាក់ ត្រូវគេដាក់ចូលកេសក្រដាស យកបោះចោលលើចិញ្ចើមផ្លូវ

ភ្នំពេញ៖ សពទារកម្នាក់ ដែលគ្មានអ្នកស្គាល់អត្តសញ្ញាណ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដាក់ក្នុងកេសក្រដាស យកបោះចោលនៅចំនុចលើចិញ្ចើមផ្លូវជាប់របងវិឡាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ផ្លូវលេខ៧៤ ភូមិទី១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រជាពលរដ្ឋឈ្មោះ គង់ រដ្ឋា ភេទស្រី ជនជាតិខ្មែរ បានប្រាប់ថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល១០នឹង៣០នាទី គាត់បានឃើញរថយន្តមួយគ្រឿង (មិនស្គាល់ម៉ាក និងមិនច្បាស់ពណ៌) ឈប់នៅចំនុចខាងលើ ដោយមានមនុស្សដើរចុះឡើង។ លុះពេលរថយន្តចេញទៅបានមួយសន្ទុះស្រាប់តែឃើញកេសក្រដាសរាងបួនជ្រុង ហើយឃើញក្មេងៗដើរកាត់យកជើងទាត់រួចនាំគ្នាដើរហួស ដោយមិនអស់ចិត្ត គាត់និងអ្នកបោសសំរាមទៅបើកកេសក្រដាសនឹងមើលក៏ឃើញសពកូនក្មេងទើបនឹងកើតរុំនិងក្រមារពណ៌ក្រហមនៅក្នុងកេសនោះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
តាមការពិនិត្យការិយាល័យ ជំនាញបច្ចេកទេស បានបញ្ជាក់ថា ស្លាប់ដោយអត់អាហារ។ ក្រោយពីបញ្ចប់ការពិនិត្យ ខាងជំនាញ បច្ចេកទេស បានប្រគល់សពអោយប៉ុស្ដិ៍នគរបាលរដ្ឋបាលវត្តភ្នំដើម្បីចាត់ចែងបន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។