គ្រោះទឹកជំនន់ ឆ្នាំ​២០២០​នេះ ប៉ះពាល់​ដំណាំ​ស្រូវ​ប្រមាណ ២៨​ម៉ឺន​ហិកតា និង​ដំណាំ​ផ្សេងៗ​ប្រមាណ​ជាង ៧​ម៉ឺន​ហិកតា​ត្រូវ​ជន់​លិច​

​ខេត្ត​ត្បូងឃ្មុំ​៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ កាលពី​រសៀល​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ដឹកនាំ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក ចុះ​ពិនិត្យ​ជាក់ស្ដែង​ស្ថានភាព​ដំណាំ​ស្រូវ​ប្រជាពលរដ្ឋ​ដែល​បាន​រង​ផលប៉ះពាល់ និង​ខូចខាត​ដោយ​ទឹកជំនន់ ស្ថិតនៅ​ឃុំ​ចំនួន​៣ គឺ​ឃុំ​អំពិល​តា​ពក ឃុំ​មៀន និង​ឃុំ​ព្រះ​ធាតុ នៃ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។

​ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍ថា ការចុះពិនិត្យ​ស្ថានភាព​ជីវភាព និង​ដំណាំ​ស្រូវ​ប្រជាពលរដ្ឋ​នៅពេលនេះ មាន​គោលបំណង​ដើម្បី​ក្រុមការងារ​នឹង​ពិនិត្យ​ទំហំ​ខូចខាត​ដំណាំ និង​ស្វែងយល់​ពី​តម្រូវការ​ជាក់ស្តែង និង​បន្ទាន់​របស់​ប្រជាពលរដ្ឋ (​ប្រភេទ​ពូជស្រូវ​ដែល​គាត់​ត្រូវការ​) ដើម្បី​ដំណោះស្រាយ និង​អន្តរាគមន៍​ឱ្យទាន់​ពេលវេលា​។​

​សូមបញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានឱ្យដឹង​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា គ្រោះទឹកជំនន់ ក្នុង​ឆ្នាំ​២០២០​នេះ រាជធានី​-​ខេត្ត​ចំនួន​២០ ដែល​រង​ប៉ះពាល់​ដោយ​ទឹកជំនន់ រួមមាន​៖ ភ្នំពេញ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កណ្ដាល ព្រះសីហនុ កំពង់ធំ ស្ទឹងត្រែង កំពង់ស្ពឺ តាកែវ ព្រះវិហារ សៀមរាប ឧ​ត្ត​រ​មានជ័យ ស្វាយរៀង មណ្ឌល​គី​រី កំពង់ឆ្នាំង កោះកុង ត្បូងឃ្មុំ និង​កំពង់ចាម​។ ក្នុងនោះ​ខេត្ត​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៦០​ម៉ឺន​នាក់ ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​ប្រមាណ ២៨​ម៉ឺន​ហិកតា​និង​ដំណាំ​ផ្សេងៗ​ប្រមាណ​ជាង ៧​ម៉ឺន​ហិកតា​ត្រូវ​ជន់​លិច និង​មនុស្ស ៤៤​នាក់​បាន​បាត់​បង់ជីវិត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close