ឧកញ៉ា ម៉ុង ឫទ្ធី នឹង​ប្រមូល​ទិញ​ស្វាយកែវ​រមៀត​ពី​កសិករ​ទៅ​លក់​នៅ​អឺរ៉ុប​

​គិត​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ រហូតដល់​បច្ចុប្បន្ន ក្រុមហ៊ុន​របស់លោក​ឧក​ញ៉ា ម៉ុង ឫទ្ធី បាន​នាំចេញ​ស្វាយកែវ​រមៀត​ទៅ​ប្រទេស​បារាំង​តាម​ជើងហោះហើរ QATAR AIRWAY បាន ១៣​ជើង​រួចមកហើយ​។ ស្វាយ​ទាំងនោះ សុទ្ធតែ​ប្រមូល​ទិញ​មកពី​ខេត្ត​នានា​ទូទាំងប្រទេស​កម្ពុជា ហើយ​អ្នកជំនួញ​ផ្នែក​កសិឧស្សាហកម្ម​រូបនេះ បាន​បញ្ជាក់ថា នឹង​បន្ត​ប្រមូល​ទិញ​ពី​កសិករ​បន្ថែមទៀត​។

​លោក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​ថ្លែងថា​៖ “​ការពិតទៅ ស្វាយកែវ​រមៀត​ខ្ញុំ នៅ​មិនទាន់​គ្រប់​អាយុ​ទេ​… គ្រប់​អាយុ​ប្រមូល​ផល​គឺ​តិច ឯ​ការនាំចេញ​កន្លងមក​នេះ គឺ​យើង​ប្រមូល​ទិញ​ពី​ប្រជាជន ហើយ​ទិញ​ពី​ប្រជា​ជននេះ គឺ​យើង​មិន​រើស​ថា​ទីណា តំបន់​ណា​ទេ ឲ្យ​តែ​ប្រជាជន​គាត់​មាន​ស្វាយ គាត់​ទាក់ទង​មក គឺ​យើង​ទិញ​ទាំងអស់​”​។​

​ដោយសារ​គុណភាព​ខ្ពស់ រសជាតិ​ឆ្ងាញ់ លោក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​អះអាងថា អ្នកបញ្ជា​ទិញ​នៅ​ប្រទេស​បារាំង បាន​ស្នើសុំ​បង្កើន​ការនាំចេញ​ដល់ ២​ដង​ក្នុង​មួយ​សប្ដាហ៍​។ ម្ចាស់​ជំនួញ​កសិឧស្សាហកម្ម​បាន​លើកឡើងថា​៖ “​ម៉ូយ​យើង​នៅ​នោះ គឺ​សុំ​បង្កើន​ធ្វើ​ម៉េច​ឲ្យ​បាន ២​ជើង ព្រោះ​អី​ដោយសារតែ​ស្វាយ​យើង​តម្លៃថោក គុណភាព​ល្អ គុណភាព​ខ្ពស់​មែនទែន ដែល​យកទៅ​គឺ​សហគមន៍​អឺរ៉ុប​ទទួលស្គាល់​…”​។​

​ស្វាយ​ដែល​នាំចេញ មិនតិចជាង ៤​តោន​ឡើយ​ក្នុង​មួយ​ជើង ហើយ​បន្ទាប់ពី​បញ្ជូន​ដល់​ប្រទេស​បារាំង នឹងមាន​ការចែក​ចាយ​បន្ត​ទៅតាម​បណ្ដា​ប្រទេស​នានា​នៅ​អឺរ៉ុប​ទៀត​។ លោក​ឧកញ៉ា បាន​បញ្ជាក់ថា ការដឹកជញ្ជូន​មានតម្លៃ​ថ្លៃ​បន្តិច ឯការ​វេច​ខ្ចប់​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​សូម្បី​ជាំ​បន្តិច​ក៏​មិនអាច​នាំចេញ​បានដែរ​។​

​អ្វី​ដែលជា​មោទនភាព​ថ្មី​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​នោះ​គឺ កាលពីពេល​ថ្មីៗ​នេះ សហគមន៍​អឺរ៉ុប​បាន​យល់ព្រម​ឲ្យ​ដាក់ឈ្មោះថា​ជា​ស្វាយ​របស់​ខ្មែរ ដែល​ពីមុនមក​មិន​ធ្លាប់មាន​ទាល់តែសោះ​។ សកម្មភាព​ខាងលើ នឹងធ្វើ​ដំណាំ​កម្ពុជា កាន់តែ​មានឈ្មោះ​បោះ​សំឡេង​លើ​ទីផ្សារ​អន្តរជាតិ ហើយ​ចាប់ពី​សប្ដាហ៍​នេះ​ទៅ ការនាំចេញ​ស្វាយកែវ​រមៀត​ទៅ​បារាំង នឹង​បង្កើន​ដល់ ២​ជើង​ក្នុង​មួយ​សប្ដាហ៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close