កម្ពុជា និងហុងគ្រី ចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នាលើស័យកសិកម្ម
ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលអនាគត។
ឯកឧត្តម Peter Szijjarto បានបញ្ជាក់ថា វិស័យកសិកម្មហុងគ្រី បាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចប្រមាណជា ៨% នៃGDP។ ការប្រើប្រាស់ បច្ចេកវិទ្យាដាំដុះ ការកែឆ្នៃផលិតផលកសិកម្ម និងការគ្រប់គ្រងទឹកកំពុងទទួលបានជោគជ័យជាខ្លាំងនៅក្នុងប្រទេសហុងគ្រី។
ចំពោះជំនួបដ៏មានសារសំខាន់នាពេលនេះ ឯកឧត្តមបានជម្រាបជូនថា កម្ពុជាមានវិស័យចំនួន ៣សំខាន់ សម្រាប់ហុងគ្រី ធ្វើការវិនិយោគ នៅពេលអនាគត គឺទី១- ផលិតកម្មទឹកដោះ និងការកែច្នៃសាច់ ទី២- វារីវប្បកម្ម ៣.ការដាំដំណាំនិងសុវត្ថិភាពចំណីអាហារ ទី៤- ការប្រើប្រាស់ និងការគ្រប់គ្រងទឹក។
ដោយឡែក ការផ្តល់ឥណទានដល់ការអភិវឌ្ឍវិស័យកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សរយ:ពេលខ្លី និងវែងគឺជាអាទិភាពក្នុងដណើរទស្សនកិច្ចនេះផងដែរ។ ត្រង់ចំណុះនេះ ឯកឧត្តមបានជម្រាបជូនថាកន្លងមកហុងគ្រីបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឲ្យទៅបន្តការសិក្សា ចំនួន ១៥នាក់រៀងរាល់ឆ្នាំ ហើយរដ្ឋាភិបាលហុងគ្រីកំពុងពិចារណាថានឹងបង្កើនចំនួនអាហារូបករណ៍នេះនៅឆ្នាំបន្ទាប់ ពិសេសលើវិស័យកសិកម្ម។
ឆ្លៀតឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានជម្រាបជូនគណៈប្រតិភូអំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជាសម្រាប់ធ្វើការអភិវឌ្ឍន៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល គោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៩- ២០២៣ និងបរិយាកាសនៃការវិនិយោគលើវិស័យកសិកម្មនាពេលបច្ចុប្បន្ន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលេចជូនភ្ញៀវអំពីសក្តានុពលវិនិយោគលើផលិតកម្មដំណាំសម្រាប់ធ្វើការនាំចេញមានដូចជាដំណាំស្រូវ ស្វាយ ដំឡូងមី ស្វាយចន្ទី ថ្នាំជក់ និងផលិតកម្មវារីវប្បកម្មផងដែរ។ ជាក់ស្តែង ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំអង្គរចេញទៅប្រទេសហុងគ្រីបានចំនួន ១ ៨៣៩តោន និងថ្នាំជក់បាន ១១៨តោន។
សូមជម្រាបថា នៅវេលាម៉ោង ១៦:០០ រសៀលថ្ងៃដដែលនេះ នៅវិមានសន្តិភាព នឹងមានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នារវាងសាធារណរដ្ឋហុងគ្រី និងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហុន សែន នាយករដ្ឋមន្ត្រី។ ចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានឯកសារអនុស្សរណនៃការ យោគយល់គ្នាមួយដែលត្រូវចុះហត្ថលេខាដោយឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន។
ខ្លឹមសារសំខាន់ៗនៃឯកសារនេះគឺបានរំលេចឡើងអំពីកិច្ចសហប្រតិបត្តិការលើ៖
១- ផលិតកម្មដំណាំ និងការអភិវឌ្ឍពូជដំណាំ
២- សុខភាពសត្វ និងផលិតកម្មសត្វ
៣- វិស័យជលផល និងវារីវប្បកម្ម
៤- ការជំរុញការធ្វើកសិ-ពាណិជ្ជកម្ម
៥- កិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យ អនាម័យ និងភូតគាមអនាម័យ(SPS)
៦- ការការពារព្រៃ និងដាំឈើឡើងវិញ
៧- ការកែច្នៃផលិតផលកសិកម្ម និងទីផ្សារ
៨- ការរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម
៩- បច្ចេកវិទ្យាកសិកម្ម ការស្រាវជ្រាវ និងការអភិវឌ្ឍ
១០- ការផ្លាស់ប្តូរជំនាញ ចំណេះដឹង និងបទពិសោធន៍ និង
១១- ជំរុញធ្វើឲ្យប្រសើរឡើងលើភាពជាដៃគូនៃការធ្វើកសិ-ពាណិជ្ជកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។