ករណីឃាតកម្ម! ស្ត្រីម្នាក់ ត្រូវឃាតករកាប់ចិញ្ច្រាំសុះផ្ទៃមុខ ស្លាប់យ៉ាងអាណោចអាធម៌
ខេត្តបន្ទាយមានជ័យ៖ អំពើឃាតកម្មដ៏ព្រៃផ្សៃ! ស្ត្រីម្នាក់ ត្រូវឃាតករកាប់ចិញ្ច្រាំសុះផ្ទៃមុខ បណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចទីលានចាក់សំរាម ក្បែរស្ពានរាគអាចម៍ស្ថិតក្នុងភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា សពស្ត្រីរងគ្រោះមាន ឈ្មោះ ទិត្យ ស្រីសួង អាយុ២៥ឆ្នាំ មានស្រុកកំណើតភូមិមានជ័យ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី មកធ្វើការនៅកន្លែងផលិតទឹកសុទ្ធមួយកន្លែងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
លោកបានបន្តថា យោងតាមម្តាយ និងសាច់ញាតិ គឺជនរងគ្រោះបានចំណាកស្រុកមករស់នៅ និងធ្វើការនៅក្រុងសិរីសោភ័ណច្រើនឆ្នាំមកហើយ ក្នុងនោះធ្លាប់ធ្វើការនៅរោងចក្រកាត់ដេរ តែមានបញ្ហាលួចរបស់គេ ក៏ត្រូវដេញចេញ ហើយបានទៅធ្វើការនៅកន្លែងផលិតទឹកសុទ្ធនេះ។
សូមរំលឹកថា កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ សពស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញនៅក្នុងទឹកវាលស្រែ ចំណុចខាងត្បូងស្ពានភ្នំតុប ហៅស្ពានរាគអាចម៍ ចម្ងាយ១៥០ម៉ែត្រ ខាងកើតផ្លូវជាតិលេខ៥៦A ប្រហែល១០ម៉ែត្រ ខាងជើងផ្លូវលំស្ថិត ក្នុងភូមិក្បាលស្ពានសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ច បានឲ្យដឹងថា នៅលើខ្លួនសពមានស្នាមចាក់ដោយវត្ថុរឹងចុងស្រួច ត្រូវចុងដង្ហើម១កន្លែង ដើមកខាងស្តាំ១កន្លែង និងស្នាមឆូតលើផ្ទៃជាច្រើនកន្លែង។
សពពាក់អាវយឺតពណ៌ក្រហមដៃវែង ខោពណ៌ជើងវែងកីឡា។ នៅកន្លែងកើតហេតុ បានរកឃើញវ៉ែនតានៅជាប់នឹងខ្លួន១ និងកូនកាំបិតចុងស្រួច។
បើតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញ គឺជាករណីឃាតកម្មទុកជាមុន តែនៅមិនទាន់ដឹងថា ជាករណីគំនំ ប្លន់យកទ្រព្យសម្បតិ្ត ឬជាករណីស្នេហាត្រីកោណនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។