អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យបង្ក្រាបករណីបើកល្បែងស៊ីសងតាមអនឡាញ Keno online
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ប្រាប់ បណ្តាញពត័មានក្នុងស្រុកថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍អំពីករណី ក្រុមហ៊ុន ស៊ីននីវ ទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មឆ្នោតឡូតូ ហើយបំប្លែងជាល្បែងស៉ីសងតាមអនឡាញ Keno online រួចមក ឯកឧត្តមនាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានបញ្ជាអោយនាយកដ្ឋានជំនាញចុះស្រាវជ្រាវដើម្បីមានចាត់វិធានការតាមច្បាប់ ដោយមិនលើកលែងឡើយ ។
ឯកឧត្តមឧត្ដមសេនីយ៍ឯក សៀង សេនប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានអោយដឹងដែរថា ឯកឧត្តមបានទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពី ឯកឧត្ដមនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ រួចហើយនៅរសៀលថ្ងៃនេះ ដើម្បីដឹកនាំកម្លាំងស្រាវជ្រាវករណីក្រុមហ៊ុន ស៉ិន នីវ ដែលប្រជាពលរដ្ឋរាយការណ៍ថាបាននឹងកំពុងបើកល្បែងស៊ីសងតាមអនឡាញ Keno Online ជ្រកក្រោមស្លាក ឆ្នោតឡូតូ ។ ឯកឧត្ដមឧត្ដមសេនីយ៍ឯក បានបន្ថែមថា បើក្នុងករណីសមត្ថកិច្ចរបស់លោកស្រាវជ្រាវរកឃើញការពិតដូចប្រជាពលរដ្ឋរាយការណ៍ ឯកឧត្ដមឧត្ដមសេនីយ៍ឯក នឹងចាត់ការតាមច្បាប់តែម្ដង ។
គួរបញ្ជាក់ថា ករណីក្រុមហ៊ុន ស៉ិន នីវ ដែលទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អោយធ្វើអាជីវកម្មឆ្នោតឡូតូ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា ក្រុមហ៊ុននេះបានបំប្លែងឆ្នោតឡូតូទៅជាល្បែងស៉ីសងតាមអនឡាញ បង្វក់ប្រជាពលរដ្ឋទូទាំងប្រទេសដោយគ្មានខ្លាចសមត្ថកិច្ចអ្វីទាំងអស់ ។ ជាពិសេសក្រុមហ៊ុន បានដាក់តាំងទូរទស្សន៍តាមហាងនានាជាសាធារណៈថែមទៀតផង ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ តំណាងក្រុមហ៊ុន ស៊ីន នីវ មួយរូបបានអោយដឹងថា ក្រុមហ៊ុន របស់លោក ពិតជាទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អោយធ្វើអាជីវកម្មឆ្នោតឡូតូមែន តែមិនបានបើកល្បែងស៊ីសងតាមអនឡាញនោះទេ ។
ទោះជាយ៉ាងណាក្ដី មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មួយរូបបានង្ហើបអោយដឹងថា អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ស៊ីន នីវ បានហួសសុពលភាពហើយ ហើយក្រុមហ៊ុននេះ នៅតែលួចលាក់ធ្វើអាជីវកម្មដោយមិនរាយការណ៍ជូនក្រសួងនោះទេ ។
ពាក់ព័ន្ធនឹងការបំពានរបស់ក្រុមហ៊ុននេះ ក្រសួងកំពុងចាត់ការតាមនិតិវិធីផងដែរដោយពិន័យក្រុមហ៊ុនតាមច្បាប់កំណត់។ ចំពោះព័ត៌មានដែលថាក្រុមហ៊ុននេះបានបំប្លែងឆ្នោតឡូតូទៅជាល្បែងស៊ីសងតាមអនឡាញបង្វក់ប្រជាពលរដ្ឋទូទាំងប្រទេសនោះ បើសមត្ថកិច្ចស្រាវជាវរកឃើញ ក្រុមហ៊ុននេះអាចប្រឈមមុខចំពោះផ្លូវច្បាប់ផង និងអាចដកអាជ្ញាប័ណ្ណវិញ និងប្រឈមទៅនិងមុខច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។