អាមេរិក នឹងព្យួរកម្មវិធីអនុគ្រោះពន្ធពីប្រទេសថៃ ចុងឆ្នាំ២០២០នេះ
សហរដ្ឋអាមេរិកនឹងព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP ពីប្រទេសថៃហើយ ដោយការអនុគ្រោះពន្ធលើផលិតផលទំនិញរបស់ថៃនេះនឹងចូលជាធរមាន នៅថ្ងៃទី៣០ ធ្នូ ២០២០ខាងមុខនេះ។
កម្មវិធីអនុគ្រោះពាណិជ្ជកម្មដ៏ធំរបស់អាមេរិក ហៅកាត់ថា GSP នេះត្រូវបានបង្កើតឡើងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការនាំចូលទំនិញមិនគិតពន្ធ ទៅក្នុងសហរដ្ឋអាមេរិក ប្រមាណ៣៥០០មុខទំនិញ ពីបណ្តាប្រទេសនិងតំបន់ជាង១០០ នេះបើតាមការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក។
លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍មុន បានគូសបញ្ជាក់ថា «ខ្ញុំបានកំណត់ហើយថា ប្រទេសថៃនឹងមិនត្រូវបានសហរដ្ឋអាមេរិកផ្តល់នូវការចូលដំណើរការប្រកបដោយសមធម៌ និងសមហេតុផលចំពោះទីផ្សាររបស់ខ្លួនទៀតទេ» តាមរយៈលិខិតមួយច្បាប់ ជូនសភាអាមេរិក លោកត្រាំបន្តទៀតថា «ខ្ញុំបានកំណត់ថា វាគឺជារឿងសាកសមក្នុងការព្យួរសន្ធិសញ្ញារួចពន្ធ ផ្អែកលើកម្មវិធី GSP នេះ» ។
ការសម្រេចផ្អាកនេះត្រូវបានគេដឹងថា បណ្តាលមកពីថៃខ្វះខាតដំណើរការប្រកបដោយប្រសិទ្ធិភាព ក្នុងការផ្តល់ជូនអាមេរិកនូវច្រកទីផ្សារសមហេតុផល និងគ្រប់គ្រាន់ សម្រាប់ផលិតផលសាច់ជ្រូក។ ប្រទេសថៃ ក្រោយការផ្អាកកម្មវិធីចាប់ពីចុងឆ្នាំ២០២០នេះ នឹងត្រូវបង់ប្រាក់៨១៧លានដុល្លារអាមេរិក លើទំនិញនាំចូលទៅអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។