រកឃើញ​មនុស្ស ៦២៨​នាក់ បាន​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​វិជ្ជមាន​កូ​វីដ​១៩

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ត្រូវ​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​នៅ​ប្រទេស​ថៃ ក្រោយពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ក្រសួង​បាន​ស្រាវជ្រាវ​រកឃើញ​អ្នក​ដែល​ប៉ះពាល់​ជាមួយ​គាត់​ក្នុង​រយៈពេល​នៃ​ដំណើរ​ទស្ស​កិច្ច​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា សរុប​ចំនួន ៦២៨​នាក់​។​

​ពួកគេ​ត្រូវបាន​ធ្វើតេស្ត​វត្ថុ​សំណាក​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​ទាំងអស់គ្នា ហើយ​ពេលនេះ​ក្រសួង​កំពុង​បន្ត​ការស្រាវជ្រាវ និង​តាមដាន​ជា​បន្តទៀត​។​

​ជាមួយគ្នា​ក្រសួងសុខាភិបាល ក៏បាន​ក្រើនរំលឹក និង​ធ្វើការ​អំពាវនាវ​សារជាថ្មី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ខ្លួន ដោយ​ត្រូវ​ពាក់​ម៉ាស (​ក្នុងករណី​ចាំបាច់​) ជាពិសេស​នៅពេល​ចល័ត​ធ្វើដំណើរ និង​ពេល​ជួប​មនុស្សម្នា​ច្រើន ប្រើ​កន្សែង ឬ​ក្រ​ម៉ា​ខ្ទប់មាត់​ពេល​ក្អក កណ្តាស់ សម្អាត​ដៃ​ជាប់​ជាប្រចាំ រក្សា​សុវត្ថិភាព​សង្គម និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ​ឡើងទៅ ដើម្បី​ចៀសវាង​ការចម្លង​វីរុស​កូ​វីដ​១៩ ដែល​អាច​កើតមានឡើង​គ្រប់ពេលវេលា គ្រប់​កាលទេសៈ និង​គ្រប់​ទីកន្លែង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close