មនុស្ស ៥៤​នាក់ ពុល​សម្ល​ ក្នុង​ពិធីបុណ្យ​មួយ នៅ​ខេត្ត​ត្បូងឃ្មុំ

​ខេត្ត​ត្បូងឃ្មុំ​៖ មាន​ករណី​ពុល​សម្ល​សារាយសមុទ្រ និង​ត្រសក់​ត្រាំ ក្រោយ​បរិភោគ​អាហារ​ក្នុង​ពិធីបុណ្យ​មួយ នៅ​ភូមិ​អំពិល ឃុំ​ប៉ើ​ស​២ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។

​បើតាម​លោក​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ប៉ើ​ស​២ បញ្ជាក់ថា ករណីនេះ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ប៉ើ​ស​២ បាន​ចុះទៅ​ធ្វើការ​សាកសួរ​ម្ចាស់ផ្ទះ​ខាងលើ​ផងដែរ​។​

បើតាម​ឈ្មាះ វ៉ា ឡេង ម្ចាស់ផ្ទះ​បុណ្យ​ខាងលើ បាន​រៀបរាប់ថា គាត់​បានធ្វើ​ពិធីបុណ្យ​គម្រប់​ខួប ១​ឆ្នាំ​ឱ្យ​ប្ដី​របស់គាត់ ដោយ​ប្រាប់​បងប្អូន​អ្នកជិតខាង​មួយចំនួន​ទៅ​ចូលរួម​។ កម្មវិធី​បុណ្យ​ធ្វើឡើង​នៅ​ល្ងាច ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​អ្នក​ដែល​ទៅ​ចូលរួម​កម្ម​ពិធី​នៅ​ល្ងាច​ថ្ងៃទី​២ គឺ​បាន​បរិភោគ​បាយ​ជាមួយ​សម្ល​ស្ងោរ​សារាយថ្ម និង​ត្រសក់​ត្រាំ រួច​ក៏​ត្រឡប់ទៅផ្ទះ​វិញ​។ រហូតមកដល់​ពេលយប់​ថ្ងៃទី​២ ទើប​មាន​ប្រជាពលរដ្ឋ មួយចំនួន​មាន​អាការ​:​ឈឺពោះ រាគ ក្អួត និង​ក្ដៅខ្លួន ហើយ​បាន​ហៅ​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​។

​អាជ្ញាធរ​បញ្ជាក់ថា អ្នកជំងឺ​ដែល​ពុល​អាហារ​នោះ មាន​ចំនួន ៥៤​នាក់ ស្រី​២៨​នាក់ ក្មេង​៤​នាក់ ក្នុង​នោះបាន​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ​ចំនួន ២១​នាក់ និង​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ក្រូចឆ្មារ​ចំនួន ៣៣​នាក់ (​ស្រី​១៨​នាក់​)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close