អាវុធធុនAK47ចំនួន ២ដើម ប្រទះឃើញក្នុងដីចំការមួយកន្លែង ក្នុងស្រុកសំឡូត
ខេត្តបាត់ដំបង៖ កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ បានប្រទះឃើញអាវុធធុន AK47ចំនួន ០២ដើម មានបង់ និងគ្រាប់កាំភ្លើងផងនោះ ខណៈដែលគាត់កាប់គាស់ដី ក្នុងចំការ ស្ថិតនៅក្រុមទី០៩ ភូមិកញ្ចាំងឃុំស៊ុង ស្រុក សំឡូត ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានបញ្ជាក់នៅក្នុង សេចក្តីរាយការណ៍ថា អាវុធទាំងពីរដើមនេះ ត្រូវបានប្រជាពលរដ្ឋឈ្មោះ ទឹម សារិន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ បានប្រទះឃើញក្នុងខណៈដែលគាត់កាប់គាស់កាយដីនៅក្នុងចំការរបស់គាត់បង្កបង្កើនផល។
លោកអធិការបន្តថា ក្នុងពេលប្រទះឃើញនេះស្ថានភាពអាវុធមានលក្ខណៈច្រេះចាប់បាត់បង់គុណភាពស្ទើរទាំងស្រុងទៅហើយបើទោះបីជាពិនិត្យទៅឃើញមានការរុំវេចខ្ចប់នៅពេលកប់លាក់ទុកយ៉ាងណាក្តី លោកបញ្ជាក់ថាតាមប្រភពព័ត៌មានអាវុធទាំងនេះអាចមានការលាក់ទុកតាំងពីសម័យសង្គ្រាមមកម្លេះ នៅក្នុងមូលដ្ឋានស្រុកសំឡូតនេះ ក្រៅពីអាវុធក៏មានយុទ្ធភ័ណ្ឌផ្សេងៗទៀត ពិសេសគ្រប់ម៉ីនបង្កប់នៅក្នុងដីក៏មានច្រើនណាស់ដែរហើយយូរៗម្តងប្រជាពលរដ្ឋអាចប្រទះឃើញក្នុងករណីគាត់ជីកកាប់គាស់ដីធ្វើចំការឬបង្កបង្កើតផល។
ទោះជាយ៉ាងនេះក្តីលោកអធិការបានសំណូមពរដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ សូមមេត្តាផ្តល់ព័ត៌មានជាបន្ទាន់ដល់សមត្ថកិច្ចនគរបាលដែលនៅជិតបំផុតឬអាជ្ញាធរពាក់ព័ន្ធ ក្នុងករណីប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះសូមកុំប៉ះពាល់ ព្រោះវាអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ។ នេះអាវុធទាំងពីរដើម ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករួចហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។