រថយន្តដឹកប្រេងឥន្ទនៈPTT បែកកង់រេចង្កូត បុកអ្នកថ្មើរជើង ស្លាប់ម្នាក់ របួសធ្ងន់៣នាក់
ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ភ្លាមៗ និង២នាក់ទៀតរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តដឹកប្រេងឥន្ទនៈPTT បានបែកកង់ ហើយរេចង្កូតជ្រុលបុកអ្នកថ្មើរជើងកំពុងអង្គុយលើសួន បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់៣នាក់។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងជាង ៧ព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ លើមហាវិថីឆ្នេររាម នៅក្នុងភូមិអុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្តបង្កខាងលើ ម៉ាកCHENLONG ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-0275 ជាកម្មសិទ្ធរបស់ក្រុមហ៊ុនប្រេងឥន្ទនៈ PTT មានទិសដៅពីកើតទៅលិច (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) មកដល់ចំណុចខាងលើ រថយន្តស្រាប់តែបែកកង់ខាងឆ្វេង ហើយរេចង្កូតមកខាងឆ្វេងដៃ បុកអ្នកថ្មើរជើងអង្គុយនៅលើសួនពុះចែកទ្រូងផ្លូវចំនួន ៣នាក់ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសតែម្តង។
ជនរងគ្រោះ ឈ្មោះ អ៊យ សារ៉ាត់ ភេទស្រី អាយុ៤០ឆ្នាំ (រងរបួសធ្ងន់), ឈ្មោះ សាន់ សុផល ភេទស្រី អាយុ ៤០ឆ្នាំ (រងរបួសធ្ងន់) និងឈ្មោះ ស៊ីន ឆយ ភេទស្រី អាយុ៣៧ឆ្នាំ (ស្លាប់)។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្តបង្ក បានទុករថយន្តចោល ហើយរត់គេចខ្លួនបាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។