អ្នក​ឆ្លង​កូ​វីដ​១៩ នៅ​អាមេរិក ដល់​ទៅ​១២​ម៉ឺន​នាក់ ក្នុង​រយៈពេល​២៤​ម៉ោង​

​ក្រោយ​ការបោះឆ្នោត​បញ្ចប់ សហរដ្ឋអាមេរិក​បាន​កត់ត្រា ករណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ COVID-19 សរុប​រហូតដល់​ទៅជា​ង ១២៤,២៣២​ករណី​បន្ថែមទៀត​ក្នុង​មួយថ្ងៃ នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​កើន​ឡើងដល់​ជាង ១០,១៨២,៨១៨​នាក់ ចំពោះ​ការបោះឆ្នោត​ប្រធានាធិបតី​ដ៏​ចម្រូងចម្រាស​ដោយ លោក ដូ​ណា​ល់ ត្រាំ មិន​ទទួលស្គាល់​ជ័យជម្នះ​របស់លោក ចូ បៃ​ដិ​ន​។ នេះ​បើតាម​ការដកស្រង់​ទិន្នន័យ​ពី​គេហទំព័រ worldometers នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។

​បើ​ពិនិត្យ​លើ​ទិន្នន័យ​ដដែល នៅក្នុង​រយៈពេល​ពេញ​មួយថ្ងៃ​ដូចគ្នា អ្នកជំងឺ​សរុប ១,០៣១​នាក់​ទៀត​បាន​ស្លាប់ ដែល​នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើន​ដល់ ២៤៣,២៥៧​នាក់ ខណៈ​អ្នកជា​សះស្បើយ​សរុប​វិញ ក៏បាន​កើនឡើង​ដល់​ជាង ៦,៤៤១,៧៤៤​នាក់​ផងដែរ​។ សហរដ្ឋអាមេរិក នៅតែ​បន្ត​ឈរ​លេខ ១ ដដែល ក្នុងនាម​ជា​ប្រទេស​មាន​ករណី​ឆ្លង និង​ស្លាប់​ដោយសារ COVID-19 ច្រើនជាងគេ​បំផុត​លើ​លោក​។​

​គួរ​បញ្ជាក់ថា ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ (​ពេលវេលា​នៅ​វ៉ាស៊ីនតោន​) គឺ​ថ្ងៃទី​៤​ហើយ​ដែល​សហរដ្ឋអាមេរិក បាន​រាយការណ៍​អំពី​ការ​បំបែក​កំណត់ត្រា នៃ​ចំនួន​អ្នក​ឆ្លង COVID-19 ថ្មីៗ​ក្នុង​មួយថ្ងៃ បន្ទាប់ពី​ការបោះឆ្នោត​ប្រធានាធិបតី ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​។ បាតុកម្ម​, ការប្រមូល​ផ្តុំគ្នា និង​ការតវ៉ា​ដ៏​ចម្រូងចម្រាស់ ដោយ​មិនបាន​អនុវត្ត​វិធានការ​សុវត្ថិភាព ត្រូវបាន​គេ​ជឿជាក់ថា ជា​កត្តា​ចម្បងៗ​ដែល​ជំរុញ​ឲ្យ​ករណី​ឆ្លង COVID-19 កើនឡើង​យ៉ាងគំហុក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close