ផ្អាក​ការបណ្ដុះបណ្ដាល​នៅតាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ រយៈពេល​២​សប្តាហ៍ នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្ដាល​

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​សេចក្ដីជូនដំណឹង ស្ដីពី ការផ្អាក​ការបណ្ដុះបណ្ដាល​នៅតាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្ដាល រយៈពេល​២​សប្តាហ៍ ចាប់ពី​ថ្ងៃនេះ​តទៅ​។

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ បញ្ជាក់ថា ការផ្អាក​នេះ ត្រូវបាន​ក្រសួង​ការងារ​អះអាងថា ជា​វិធានការ ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ការរីក​រាលដាល​ក្នុង​សហគមន៍​។​

​សេចក្តីជូនដំណឹង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សូម​ជម្រាបជូន​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា នាយក នាយិកា​នៃ​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ បុគ្គលិក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស​-​និស្សិត សិក្ខាកាម និង​សាធារណជន​ទាំងអស់​មេត្តា​ជ្រាបថា​៖ គ្រឹះស្ថាន​អប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ សាធារណៈ ឯកជន សមាគម អង្គការ​ជាតិ និង​អន្តរជាតិ ទាំងអស់​នៅ រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្ដាល ត្រូវ​ផ្អាក​ការបណ្ដុះបណ្ដាល​ជា​បណ្ដោះអាសន្ន រយៈពេល​០២​សប្តាហ៍ ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ​។ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ត្រូវ​បន្ត​ដំណើរការ បង្រៀន និង​រៀន​តាម​ប្រព័ន្ធ​បណ្ដុះបណ្ដាល​ពី​ចម្ងាយ ឬ អន​ឡាញ (ONLINE)»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close